យោងតាមសេចក្ដីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសម្រេចបញ្ជូនសំណុំរឿងពុករលួយធំៗចំនួន ៣ករណី ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបានរកឃើញភស្តុតាងពាក់ព័ន្ធបទល្មើសពុករលួយ។ ក្នុងនោះមាន១ករណី ដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីអង្គភាពប្រឆាំងអំពើរពុករលួយ និងមួយករណីទៀតជាប់ពាក់ព័ន្ធនឹមន្ត្រីគយខេត្តកោះកុង។

នៅក្នុងសេចក្ដីជូនដំណឹង អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចចាត់វិធានការច្បាប់ទៅលើអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ដែលឈរជើងនៅចំណុចអណ្ដូងទឹក ដោយបញ្ជូនសំណុំរឿងទៅកាន់តុលាការកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងបទល្មើសរំលោភអំណាច និងការសម្អាតប្រាក់។ ជនសង្ស័យចំនួន ៤ រូប ត្រូវបានបញ្ជូនទៅតុលាការ រួមមាន ១-លោក ម៉ៅ សាន់សូនា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ជាប់សង្ស័យក្នុងអំពើ រំលោភអំណាច និងសម្អាតប្រាក់, ២-លោក ម៉ៅ វិទ្យា បុគ្គលិកជាប់កិច្ចសន្យា នៃសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់, ៣-អ្នកស្រី ពត ស្រីនាង ភេទស្រី អាយុ ៣២ ឆ្នាំ មុខរបរ មេផ្ទះ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់, ៤-លោក ផល ដុល្លា បុគ្គលិកធនាគារ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់។

យោងតាមការស្រាវជ្រាវយ៉ាងលម្អិតពីក្រុមជំនាញរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលចុះផ្សាយដោយសារព័ត៌មាន Fresh News បានរកឃើញថា លោក ម៉ៅ សាន់សូនា អនុប្រធានគយកោះកុង បានប្រព្រឹត្តិអំពើពុករលួយជាច្រើនករណី និងមានការរៀបចំជាប្រព័ន្ធយ៉ាងស្មុគស្មាញ។ ក្នុងនោះ ជនសង្ស័យរូបនេះបានក្លែងបន្លំឯកសារប្តូរឈ្មោះ និងថ្ងៃខែឆ្នាំកំណើតជាច្រើន ដើម្បីបើកគណនីធនាគារសរុបចំនួន ៤១ គណនី នៅតាមធនាគារចំនួន ៦ ក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់ឈ្មោះសាច់ញាតិ បងប្អូន ក្រុមគ្រួសារ និងសូម្បីតែគណនីរបស់កូនប្រុស កូនស្រីបង្កើត គូដណ្តឹង រួមទាំងប្រពន្ធក្រៅច្បាប់ទី ៧ ផងដែរ ដើម្បីទារប្រាក់ខុសច្បាប់ពីអ្នកបើកបររថយន្ត និងម្ចាស់ទំនិញ។

ចំពោះសកម្មភាពល្មើសច្បាប់ជាក់ស្តែង ក្រុមជំនាញបានរកឃើញថា ជនសង្ស័យបានបើកដៃឱ្យមានការនាំចូលទូរសព្ទដៃ និងកុំព្យូទ័រខុសច្បាប់ចូលមកកម្ពុជា ដោយមានការសហការជាមួយក្រុមចិនបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam)។ ទន្ទឹមនឹងនោះ ក៏មានការទារប្រាក់ពីអ្នកបើកបររថយន្ត និងម្ចាស់ឡានដឹកទំនិញចំនួន ៨២៩ គ្រឿង ដែលស្មើនឹងប្រមាណ ៣ ពាន់ក្បាលឡាន ព្រមទាំងមានការសូកប៉ាន់ទៅដល់មន្ត្រី និងអ្នកសារព័ត៌មានមួយចំនួន ដើម្បីជួយបិទបាំងរឿងក្តីក្តាំ និងសកម្មភាពទុច្ចរិតរបស់ខ្លួន។

ក្រៅពីការរកឃើញកំហុសរបស់អនុប្រធានគយរូបនេះ ភ្នាក់ងារ ACU ក៏បានរកឃើញមន្ត្រីរបស់ខ្លួនចំនួន ២ នាក់ និងជំនួយការមេធាវីម្នាក់ទៀត ដែលមានការពាក់ព័ន្ធជាមួយបុគ្គល ម៉ៅ សាន់សូនា ហើយបច្ចុប្បន្នអង្គភាពបានរៀបចំឯកសារបញ្ជូនទៅកាន់តុលាការរួចរាល់ហើយ។ ជាវិធានការបន្ត ទ្រព្យសម្បត្តិ និងសម្ភារមានតម្លៃជាច្រើនត្រូវបាន ACU សម្រេចរឹបអូសទុកជាសម្បត្តិរដ្ឋ រួមទាំងបានបង្កកគណនីធនាគារចំនួន ១៥ របស់ឈ្មោះ ម៉ៅ សាន់សូនា ដែលមានទំហំទឹកប្រាក់យ៉ាងតិចមិនក្រោម ១ លានដុល្លារនោះឡើយ។

ដោយឡែង ករណីវះកាត់សាច់ឯង អង្គភាពប្រឆាំងអំពើពុករលួយបានកសាងសំណុំរឿងបញ្ជូនមន្ត្រីរបស់ខ្លួនចំនួន ៣ រូប ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ មន្ត្រីទាំង ៣ រូបនោះរួមមាន៖ ១- លោក ជឹម អួន មន្ត្រីនាយកដ្ឋានស៊ើបអង្កេត និងទប់ស្កាត់ ជាប់សង្ស័យក្នុងអំពើរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល, ២- លោក ជឹម សុខជឿន ជំនួយការលោក ជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច, និង៣- លោកស្រី រតន ចេនា មន្ត្រីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទសមគំនិតក្នុងអំពើរំលោភអំណាច។

ការបញ្ជូនមន្ត្រីទាំងនេះទៅកាន់តុលាការ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការអនុវត្តច្បាប់ដោយគ្មានការលើកលែង សូម្បីតែចំពោះមន្ត្រីក្នុងជួរអង្គភាពខ្លួនឯង ក៏ដូចជាមន្ត្រីមកពីស្ថាប័នដទៃ ដើម្បីពង្រឹងអភិបាលកិច្ច និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ៕

Share.