ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សា ឆ្នាំ២០២៦ ចាប់ពីខែឧសភា ដល់ខែតុលា ដោយបញ្ជាក់ថា រដូវវស្សាឆ្នាំនេះ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៥។

តាមការព្យាករ បាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) នឹងបន្តរហូតដល់ខែមិថុនា មុនថយចុះនៅខែកក្កដា ខណៈចាប់ពីខែសីហា ដល់ខែធ្នូ បាតុភូតអែលនីញ៉ូ (El Nino) អាចកើនឡើងដល់ ៩០ភាគរយ។ ចំណែកបាតុភូត IOD នៅមហាសមុទ្រឥណ្ឌា នឹងស្ថិតក្នុងស្ថានភាពអព្យាក្រឹតរហូតដល់ខែតុលា។

ក្រសួងបញ្ជាក់ថា សីតុណ្ហភាពមធ្យមអប្បបរមា ប្រមាណ ២៥អង្សាសេ និងអតិបរមា ៣៦អង្សាសេ ដែលទាបជាងមធ្យមភាគច្រើនឆ្នាំ។

សម្រាប់ដើមរដូវវស្សា ចាប់ពីខែឧសភា ដល់ខែមិថុនា បរិមាណទឹកភ្លៀងអាចមានពីមធ្យមទៅច្រើន និងអាចកើតមានផ្គរ រន្ទះ ខ្យល់កន្ត្រាក់ជាញឹកញាប់។ នៅពាក់កណ្តាលរដូវវស្សា ចាប់ពីខែកក្កដា ដល់ខែសីហា ភ្លៀងនៅតែមានពីមធ្យមទៅច្រើន ប៉ុន្តែអាចមានកូនរដូវប្រាំងនៅសប្តាហ៍ទី២ ដល់ពាក់កណ្តាលសប្តាហ៍ទី៣ នៃខែសីហា៕

អត្ថបទ៖ កណ្តាល

Share.