សារព័ត៌មាន CNA បានចេញផ្សាយពេលថ្មីៗនេះឱ្យដឹងថា វៀតណាម និងកូរ៉េខាងត្បូង បានព្រមព្រៀងចាប់គ្នាជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាខ្ពស់ ខណៈប្រទេសទាំងពីរ កំពុងស្វែងរកការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ចំពេលមានភាពចលាចលពាណិជ្ជកម្មសកល។ ប្រទេសទាំងពីរ បានសម្រេចបោះជំហានទៅរកសម្ព័ន្ធភាពយុទ្ធសាស្ត្រថ្មីមួយទៀត ដែលមិនត្រឹមតែផ្ដោតលើសេដ្ឋកិច្ចសុទ្ធសាធ ប៉ុន្តែជាការការពារសន្តិសុខជាតិយូរអង្វែង។

សាវតានៃកិច្ចព្រមព្រៀងនេះ មានចំណុចគួរឱ្យកត់សម្គាល់ត្រង់ថា វៀតណាមធ្លាប់បានដាក់ផែនការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរជាមួយជប៉ុនពីមុនមក ប៉ុន្តែគម្រោងនោះត្រូវបានរាំងស្ទះ និងដកថយវិញដោយសារបញ្ហាបច្ចេកទេស និងពេលវេលា។ ការងាកមកចាប់ដៃជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung លើគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរទំហំ ២ ទៅ ៣.២ ជី​ហ្គាវ៉ាត់ នៅពេលនេះគឺជាសញ្ញាបង្ហាញថា វៀតណាម​កំពុងគាំទ្រលើបច្ចេកវិទ្យាកូរ៉េ ដើម្បីដោះស្រាយវិបត្តិថាមពលដែលកំពុងគំរាមកំហែងដល់ដង្ហើមសេដ្ឋកិច្ចឧស្សាហកម្មរបស់ខ្លួន។

យ៉ាងណាមិញនយោបាយនៅពីក្រោយជំនួបរវាងលោកអគ្គលេខាធិការបក្ស តូ ឡិម និងលោក លី ជែម្យុង គឺការឆ្លើយតបទៅនឹងសម្ពាធដ៏ខ្លាំងក្លាពីសហរដ្ឋអាមេរិក។ វ៉ាស៊ីនតោនបានតាមដានយ៉ាងដិតដល់លើវៀតណាម ដោយសង្ស័យថា វៀតណាមគឺជាផ្លូវកាត់សម្រាប់ទំនិញចិនបន្លំខ្លួនដើម្បីគេចពន្ធ។ ដើម្បីពង្រឹងខ្លួនលើវិស័យសេដ្ឋកិច្ចឯករាជ្យឬជាម្ចាស់ការខ្លួនឯង វៀតណាមបានកាត់បន្ថយការពឹងផ្អែកលើគ្រឿងបង្គុំអេឡិចត្រូនិកពីចិន ហើយងាកមក ប្រើប្រាស់បច្ចេកវិទ្យា និងរកទុនវិនិយោគពីកូរ៉េខាងត្បូង។

ដោយឡែកមហិច្ឆតារបស់ទីក្រុងហាណូយនាពេលនេះ គឺការឈានជើងចូលក្នុងវិស័យផលិតបន្ទះឈីបកម្រិតខ្ពស់ និង AI។ ក្រុមហ៊ុនយក្សដូចជា Samsung បានហ៊ានវិនិយោគជាង ២០ ពាន់លានដុល្លាររួចទៅហើយនៅ​វៀតណាម​ ហើយទីក្រុងហាណូយបានកំពុងចរចាបើករោងចក្រផលិតបន្ទះឈីបនៅទីនេះផងដែរ។ គោលដៅជំរុញពាណិជ្ជកម្មឱ្យដល់ ១៥០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ មិនមែនជារឿងចៃដន្យទេ វាគឺជាយុទ្ធសាស្ត្រចងមិត្តឱ្យជាប់ កសាងកម្លាំងឱ្យខ្លាំង របស់វៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាតុល្យភាពអំណាចរវាងមហាអំណាចធំៗ ខណៈពេលដែលកូរ៉េខាងត្បូងក៏ត្រូវការវៀតណាម ជាមូលដ្ឋានបង្អែកសេដ្ឋកិច្ចដ៏មានសុវត្ថិភាពបំផុតរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ផងដែរ៕

Share.