ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា មន្រ្តីនគរបាលមិនអាចប្រើសិទ្ធិអំណាចរបស់ខ្លួន ដើម្បីអន្តរាគមន៍លើករណីណាមួយ ដែលខ្លួនជាភាគីពាក់ព័ន្ធដោយផ្ទាល់បានឡើយ។

ការលើកឡើងនេះ ធ្វើឡើងក្រោយមានការចាប់អារម្មណ៍ និងរិះគន់ពីសាធារណជន ចំពោះករណីមួយ ដែលពាក់ព័ន្ធនឹងលោក ខៀវ សុខច័ន្ទសុធា តួនាទីអនុប្រធាននាយកដ្ឋាន ដែលត្រូវបានគេរាយការណ៍ថា បានប្រើសម្តី និងអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀត ដើម្បីបញ្ជូនទៅដាក់គុក ខណៈដែលការចរចាមិនទាន់ឈានដល់ដំណោះស្រាយនៅឡើយ ក្នុងរឿងហេតុគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១:៤៩ នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវជាតិលេខ១ ក្បែរភោជនីយដ្ឋាន «ឫស្សីស្រស់» ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា ក្នុងករណីដែលមន្រ្តីនគរបាលជាប់ពាក់ព័ន្ធដោយផ្ទាល់ ការដោះស្រាយត្រូវផ្ទេរទៅឲ្យសមត្ថកិច្ចឯករាជ្យ ឬមន្រ្តីផ្សេងទៀត ដើម្បីធានាថា ដំណើរការនីតិវិធីមានភាពត្រឹមត្រូវ អព្យាក្រឹត និងស្របតាមច្បាប់។
ជាមួយគ្នានេះ លោកក៏បានបន្ថែមថា មន្រ្តីនគរបាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវមានឥរិយាបទសមរម្យ គោរពអ្នកដទៃ និងមិនប្រើអំណាច ឬឋានៈ ដើម្បីបង្កសម្ពាធលើភាគីផ្សេងទៀត។
ចំពោះករណីដែលមានការប្រើពាក្យសម្ដីមិនសមរម្យ ឬអាកប្បកិរិយាអាងអំណាច លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា អាចប្រឈមទណ្ឌកម្មទាំងផ្នែកវិន័យរដ្ឋបាល និងផ្នែកច្បាប់ ប្រសិនបើសកម្មភាពនោះមានលក្ខណៈជាបទល្មើស។
លោកបានគូសបញ្ជាក់ថា គោលការណ៍សំខាន់គឺ “មនុស្សទាំងអស់ស្មើគ្នាចំពោះមុខច្បាប់” ហើយមិនអាចមានបុគ្គលណាមួយយកតួនាទី ឬអំណាច មកប្រើប្រាស់ ដើម្បីជៀសវាងការទទួលខុសត្រូវបានឡើយ។

