បាត់ដំបង÷ ករណីជនខិលខូច ឬក្រុមឈ្មួញលួចលាក់រត់ពន្ធនាំចេញបារីខុសច្បាប់កាត់អូរច្រករបៀងទៅប្រទេសថៃនៅតែបន្តកើតមានមិនញញើត ខណះសមត្ថកិច្ចបង្ក្រាបបានជាថ្មីទៀតនៅជិតរំលងអាធ្រាតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។




នៅរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦នេះភ្នាក់ងារសារព័ត៌មាន ត្រយង ប្រចាំខេត្តបាត់ដំបង បានសុំកិច្ចសហការដើម្បីបំភ្លឺជុំវិញករណីខាងលើ លោក ចត់ គឹមវេ អធិការនគរបាលស្រុកកំរៀង ចូលស្តាប់ប្រព័ន្ធអេឡិចត្រូនិកតេឡេក្រាមហើយតែមិនបានឆ្លើយតបអ្វីទាំងអស់។ មកទល់ពេលនេះព័ត៌មានលម្អិតជុំវិញពីការបង្ក្រាបករណីជនខិលខូចលួចលាក់នាំចេញបារីពីកម្ពុជា ចូលទៅក្នុងទឹកដីថៃ កាលពីវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ នៅចំណុចឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នៅមិនទាន់មានរបាយការណ៍ចេញមកមជ្ឍដ្ឋានខាងក្រៅនៅឡើយទេ រួមទាំងមុខសញ្ញាជនបង្ក។

ជុំវិញបទល្មើសដដែលនេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ឲ្យដឹងថា÷ ជាហូរហែរៀងមកកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរស្រុក ខេត្ត តែងតែបានលើកឡើងណែនាំអប់រំដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយតំបន់ព្រំដែនទាំងអស់ហាមដាច់ខាតមិនឲ្យប្រព្រឹត្តិនាំនូវទំនិញដោយខុសច្បាប់គ្រប់ប្រភេទចូលទឹកដីថៃក្នុងដំណាក់កាលនេះទេ ទោះបីជាបែបនេះក៏ឈ្មួញនៅតែឆ្លៀតឱកាសលួចនាំចេញទំនិញនានាបំពានច្បាប់ដដែល។




លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានបន្ថែមថា÷ ការងារកិច្ចការពារ និងការទប់ស្កាត់បទល្មើសនានាជាបន្ទុករបស់កងកម្លាំងនគរបាល ព្រមទាំងកងយោធពលខេមរភូមិន្ទ ឈរជើងតាមខ្សែបន្ឬាត់ព្រំដែន រួមគ្នាទប់ស្កាត់បទល្មើសទាំងឡាយដែលរាជរដ្ឋាភិបាលបានហាមឃាត់នាំចេញទំនិញគ្រប់ប្រភេទក្នុងអំឡុងពេលដែលយើងមានបញ្ហាព្រំដែនរវាងគ្នា។
លោកបន្តដែរថា÷ ដោយសារវិសាលភាពភូមិសាស្ត្រខេត្តបាត់ដំបង ជាប់ព្រំដែនជាមួយថៃ មានប្រវែង ជាង ១០០គីឡូម៉ែត្រហើយកម្លាំងសមត្ថកិច្ចនៅមានកម្រិតជាហេតុនាំឲ្យមានចន្លោះប្រហោងវេនប្រចាំការ នៃការគ្រប់គ្រងផ្នែកខ្លះទើបធ្វើឲ្យឈ្មួញឆ្លៀតឱកាសធ្វើសកម្មភាពលួចនាំទំនិញចូលទឹកដីថៃបាន។ ទោះបីជាយ៉ាងនេះកម្លាំងសមត្ថកិច្ចរបស់យើងក៏កំណត់មុខសញ្ញាបានមួយចំនួនខ្លះហើយ ហើយក៏កំពុងតែតាមដានស្រាវជ្រាវដើម្បីឈានទៅដល់ការឃាត់ខ្លួនមេក្លោងយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបានដែរ៕
អត្ថបទ: ដំបងក្រញូង
