ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឱ្យពង្រឹងការស្រាវជ្រាវដើម្បីវែកមុខ និងចាប់ខ្លួនរាល់បុគ្គលដែលពាក់ព័ន្ធក្នុងករណីនេះ យកមកអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង បន្ទាប់ពីមានការឃាត់ខ្លួនជនបង្កមួយចំនួន​ជាបន្តបន្ទាប់រួចមក។ នេះបើតាមការឱ្យដឹងពីលោក រ៉េន រតៈ អ្នកនាំពាក្យ​ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា។​

សូមចុចអាន៖ ខេត្តកែបប្តេជ្ញារក្សា «ភាពស្អាត»៖ អភិបាលខេត្តជំរុញការចុះរដ្ឋបាលចំហរគ្រប់ទិសទី ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

តាមរយៈសាររបស់​លោក រ៉េន រតៈ ដែលបានចែកចាយតាមបណ្ដាញ​សង្គមតេឡេក្រាម​ នៅយប់ថ្ងៃទី​២៥ មេសា ២០២៦ បាន​ឲ្យដឹងថា ក្នុងនាមអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្ញុំសូមជម្រាបជូនក្រុមគ្រួសារ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រមទាំងសាធារណជន បានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាន និងរបាយការណ៍ ស្ដីពីករណី លោកវរសេនីយ៍ទោ ម៉ាប់ សុផាត រងរបួសធ្ងន់ ក្នុងប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានក្ដីសង្វេគយ៉ាងពន់ពេក ចំពោះលោកវរសេនីយ៍ទោ និងសូមចូលរួមរំលែកការឈឺចាប់របស់លោកវរសេនីយ៍ និងក្ដីទុក្ខព្រួយឥតគណនាបានជាមួយក្រុមគ្រួសាររបស់លោក។

លោក រ៉េន រតៈ បានសរសេរទៀតថា «ឋិតក្នុងវេលាប្រកបដោយក្ដីក្រៀមក្រំ និងការឈឺចាប់នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសគុណនៃមហាព្រហ្មវិហារធម៌នៃលោកអ្នកមានគុណរបស់លោកវរសេនីយ៍ទោ សូមជួយអភិបាលរក្សា និងប្រោះព្រំសាធុកាពរ ឱ្យលោកបានឆ្លងផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ ដើម្បីឆាប់បានជាសះស្បើយពីមុខរបួសនិងការឈឺចាប់»។

លោករ៉េន រតនៈ បន្ដទៀតថា ចំពោះក្រុមជនបង្ក និងអ្នកពាក់ព័ន្ធ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយក្នុងវេលានេះ ខ្ញុំសូមជម្រាបជូនបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ជូនឯកឧត្តមនាឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលមានលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាម ជាសេនាធិការ ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធករណីនេះ យកមកអនុវត្តនីតិវិធី បញ្ជូនទៅតុលាការដោយគ្មានការលើកលែង ជាមួយជនបង្ក និងអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់រួចមកហើយនោះ

Share.