ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ រាជធានីភ្នំពេញ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឃាត់ខ្លួនមនុស្ស៤០នាក់ នៅអគារប៉ោលី BAOLI INTER CITY កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រតិបត្តិការខាងលើ កម្លាំងក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៤០នាក់ ដកហូតបានសម្ភារៈជាច្រើនទៀត ។

តាមសមត្ថកិច្ចបានឱ្យដឹងថា សកម្មភាពរបស់ជនសង្ស័យ ៖ ១ ឆបោកអូសទាញឱ្យវិនិយោគ មានជនសង្ស័យ២២នាក់ ចិន ២០នាក់ និងរុស្ស៊ី ២នាក់ ដកហូតទូរសព្ទដៃ ៥២៨គ្រឿង, កុំព្យូទ័រលើតុ ៣៥គ្រឿង, ធុង CPU ៣០គ្រឿង និងកុំព្យូទ័រយួរដៃមួយចំនួន ។ ២ ប្រើប្រាស់រូបភាពនារីស្អាតៗ បោកប្រាស់លេងល្បែង មានជនសង្ស័យជា ជនជាតិបង់ក្លាដេស១២នាក់ និងដកហូត កុំព្យូទ័រយួរដៃ៥គ្រឿង និងទូរសព្ទដៃមួយចំនួន ដោយ ក្រុមនេះប្រើប្រាស់រូបភាពនារីស្អាតៗដើម្បីទាក់ទាញ និងបោកប្រាស់ជនរងគ្រោះឱ្យលេងល្បែងលើគេហទំព័រក្លែងក្លាយ ។ ៣ ករណីស្នាក់នៅខុសច្បាប់កម្លាំងជំនាញបានរកឃើញជនបរទេសចំនួន ៦នាក់ មានថៃ, មីយ៉ាន់ម៉ា, វៀតណាម និងចិន ដែលពុំមានលិខិតឆ្លងដែនជាប់ខ្លួន។

ក្រោយឃាត់ខ្លួនបាន ជនសង្ស័យ រួមជាមួយវត្ថុតាង សមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.