បាត់ដំបង÷ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានដាក់ការរំពឹងយ៉ាងខ្ពស់ដោយសង្ឃឹមថាប្រជាពលរដ្ឋខ្មែរគ្រប់រូបអំណឹះតទៅនឹងមានស្មារតី មនសិការជាតិនិយមដើម្បីអនាគតកូនចៅអ្នកជំនាន់ក្រោយជ្រកក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍រឹងមាំ។




ក្នុងឱកាសចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងនៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ ដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្រ្តខេត្តបាត់ដំបង ដែលមានអ្នកចូលរួមប្រមាណជាង ៧០០០នាក់
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា÷ ដោយបានឃើញមន្រ្តីរាជការ សិស្សានុសិស្ស អាជីវករ តារាសិល្ប:ក្នុង និងក្រៅខេត្ត រួមជាមួយបងប្អូនប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករបែបនេះ ឯកឧត្តមមានក្តីរំភើបយ៉ាងខ្លាំង បង្ហាញពីទឹកចិត្តស្រឡាញ់ដឹងគុណ មហាសាមគ្គីតាមរយ:កម្មវិធីរត់ប្រណាំងដើម្បីក្ដីស្រឡាញ់ដ៏មានអត្ថន័យនេះ។




ឯកឧត្តមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែអនុញ្ញាតឱ្យរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍ផ្សេងៗក្នុងគោលដៅមនុស្សធម៌ បញ្ជាក់ជំនឿយ៉ាងមុតមាំលើប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងមានស្មារតីរួបរួមគ្នាដើម្បីជាតិខ្មែររបស់យើង។




ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវមានស្មារតី និងមនសិការជាតិនិយមខ្ពស់ដើម្បីអនាគតកូនចៅខ្មែរជំនាន់ក្រោយ ប្រទេសជាតិយើងមានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។




បញ្ជាក់: ថវិការសប្បុរសធម៌ដែលកៀរគរតាមរយ:ការលក់សំបុត្រផ្សេងៗពីបេក្ខភាពអ្នកចូលរួមប្រមូលបានចំនួន ៤៨ ០១៤ ០០០រៀល ថវិការខាងលើនេះត្រៀមនឹងផ្តល់ឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្រ្តខេត្តបាត់ដំបង៕
អត្ថបទ÷ ដំបងក្រញូង
