ខេត្តនន្ទបុរី ៖ ពន្ធនាគារ Bang Kwang កំពុងរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានចេញមកបដិសេធការចោទប្រកាន់ជុំវិញអំពើពុករលួយ និងការធ្វើបាបអ្នកទោស ដែលត្រូវបានទម្លាយតាមរយៈខ្សែអាត់សំឡេងរបស់ទណ្ឌិតម្នាក់ឈ្មោះ ឆាវវ៉ាលីត “សៀ ផេង” ថងដួង (Chaowalit “Sia Paeng” Thongduang) កាលពីសប្តាហ៍មុន។

នៅក្នុងខ្សែអាត់សំឡេងនោះ ទណ្ឌិតរូបនេះបានចោទប្រកាន់មន្ត្រីពន្ធនាគារ Bang Kwang ថា បានអនុវត្តមិនស្មើភាព ផ្តល់សិទ្ធិពិសេសដល់អ្នកទោសមួយចំនួន និងជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ លោក Paeng បានអះអាងថា មន្ត្រីពន្ធនាគារបានចេតនារារាំងឯកសារដែលលោកដាក់ជូនតុលាការ ដើម្បីរារាំងលោកមិនឱ្យការពារខ្លួន។ លោកក៏បានបន្ថែមថា អ្នកទោសដទៃទៀតក៏ជួបបញ្ហាដូចគ្នា ដោយលោកបានបញ្ជាក់ថា មន្ត្រីធ្វើបែបនេះក្នុងគោលបំណងរក្សាការគ្រប់គ្រងលើថវិកាពាក់ព័ន្ធនឹងពន្ធនាគារ។

លើសពីនេះ លោក Paeng បានចោទប្រកាន់ទៀតថា អ្នកទោសមួយចំនួន ជាពិសេសអ្នកទោសគ្រឿងញៀនបរទេស ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទដៃ និងកុំព្យូទ័រ។ លោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតលើករណីនេះ និងបានស្នើសុំផ្លាស់ប្តូរទៅកាន់ពន្ធនាគារផ្សេងទៀត ដោយសារបារម្ភពីសុវត្ថិភាព និងការប្រព្រឹត្តមកលើរូបលោក។
ជាការឆ្លើយតប អគ្គនាយកនៃនាយកដ្ឋានពន្ធនាគារ លោក Prawut Wongsinin បានបញ្ជាឱ្យពន្ធនាគារ Bang Kwang បកស្រាយចំពោះការចោទប្រកាន់នេះ និងធានាឱ្យបាននូវយុត្តិធម៌។ លោកក៏បានបញ្ជាក់ដែរថា លោកមានគម្រោងជួបជាមួយលោក Paeng ដើម្បីពិភាក្សាអំពីបញ្ហានេះដោយផ្ទាល់។


យោងតាមការចុះផ្សាយរបស់សារព័ត៌មាន KhaoSod កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ពន្ធនាគារបានបដិសេធចំពោះការរារាំងដំណើរការផ្លូវច្បាប់របស់លោក Paeng។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីបានទទួលស្គាល់ថា ឯកសាររបស់លោកពិតជាមិនត្រូវបានបញ្ជូនមែន ព្រោះតែយើងភ្លេចផ្ញើ ដោយសារតែបរិមាណឯកសារមានច្រើនពេក។ នាពេលនេះ ឯកសារទាំងនោះត្រូវបានបញ្ជូនទៅកាន់តុលាការកំពូលរួចរាល់ហើយ។
ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក មន្ត្រីពន្ធនាគារបានពន្យល់ថា អ្នកទោស រួមទាំងលោក Paeng ផងដែរ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កុំព្យូទ័រចំនួន ១៦គ្រឿង ដើម្បីទាក់ទងជាមួយក្រុមគ្រួសារ។ ការទំនាក់ទំនងទាំងនេះត្រូវបានតាមដានយ៉ាងតឹងរ៉ឹង ហើយនឹងត្រូវកាត់ផ្តាច់ភ្លាមៗ ប្រសិនបើមានការរំលោភលើបទបញ្ជារបស់ពន្ធនាគារ។

មន្ត្រីបានបន្ថែមថា ខ្សែអាត់សំឡេងដែលបានបែកធ្លាយនោះ ត្រូវបានថតដោយសាច់ញាតិរបស់លោក Paeng ដោយគ្មានការអនុញ្ញាតក្នុងអំឡុងពេលសួរសុខទុក្ខ។ ពន្ធនាគារបានបញ្ជាក់ថា លោក Paeng នឹងត្រូវប្រឈមមុខនឹងវិន័យចំពោះការរំលោភច្បាប់នេះ ខណៈដែលវិធានការលើសាច់ញាតិរូបនោះ កំពុងស្ថិតក្នុងក្រោមការពិចារណា។
ចំពោះសំណើសុំផ្ទេរពន្ធនាគារ មន្ត្រីបាននិយាយថា នាយកដ្ឋានពាក់ព័ន្ធនឹងពិនិត្យមើលបញ្ហានេះ។ ប្រសិនបើត្រូវបានអនុម័ត លោក Paeng អាចនឹងត្រូវផ្លាស់ទៅកាន់ពន្ធនាគារដែលមានសន្តិសុខកម្រិតខ្ពស់បំផុត (Supermax) ដែលនឹងមានលក្ខខណ្ឌតឹងរ៉ឹងជាងពន្ធនាគារ Bang Kwang បច្ចុប្បន្នទៅទៀត។
ជាមួយគ្នានេះ ប្រភពពីក្រសួងយុត្តិធម៌ក៏បានបង្ហើបថា ការដាក់ពាក្យបណ្តឹងនេះអាចកើតមានឡើង បន្ទាប់ពីមានវិធានការវិន័យលើលោក Paeng។ មានសេចក្តីរាយការណ៍ថា លោកត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីបានបង្កហិង្សាលើអ្នកទោសម្នាក់ទៀត៕

