ត្បូងឃ្មុំ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តចុះធ្វើរដ្ឋបាលចំហរតាមផ្ទះសំណាក់ វីឡា និងបន្ទប់ជួល ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) បទល្មើសគ្រឿងញៀន និងសកម្មភាពក្មេងទំនើងក្នុងភូមិសាស្ត្រខេត្ត។




ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងកិច្ចសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។






ជាលទ្ធផល សមត្ថកិច្ចបានត្រួតពិនិត្យផ្ទះសំណាក់ចំនួន ២ទីតាំង ស្មើនឹង ១០៨បន្ទប់ និងបានរកឃើញជនបរទេសស្នាក់នៅសរុប ២០នាក់ ក្នុងនោះមានជនជាតិចិន ១៧នាក់ ជនជាតិវៀតណាម ២នាក់ និងជនជាតិរុស្ស៊ី ១នាក់ ដែលសុទ្ធសឹងមានឯកសារស្នាក់នៅត្រឹមត្រូវ។
ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចបានអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង និងជនបរទេសទាំងអស់ ឱ្យគោរពតាមអនុក្រឹត្យលេខ០៣ និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។







អាជ្ញាធរខេត្តបានបញ្ជាក់ថា នឹងបន្តពង្រឹងការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យផ្សេងៗទៀតនៅទូទាំង ៧ក្រុង-ស្រុក ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ឱ្យមានប្រសិទ្ធភាព។
អត្ថបទ÷អាចារ្យលាក់
