ករណីគ្រឿងញៀនមួយទៀតបានបង្កការភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ បន្ទាប់ពីសមត្ថកិច្ចជំនាញបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់ និងដកហូតសារធាតុញៀនជាច្រើន។




ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៖៣០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខទំនប់រលក ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈុន ឈា និងមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ១៥នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។


ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សារធាតុសង្ស័យជាគ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន ១៨កញ្ចប់ ទម្ងន់សរុប ៦៩៧,៩៤ក្រាម (ទាំងសម្បក) ដបសម្រាប់ជក់ ២ ដែកកេះ ៩ ជញ្ជីងថ្លឹង ១ ខ្សៀ ២ ក្បាល និងបារីអេឡិចត្រូនិចចំនួន ៣៨ដើម ទូរសព្ទដៃ ១២គ្រឿង ម៉ូតូ ២គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។


គួរបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានទាំងអនីតិជន និងមនុស្សពេញវ័យ ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការរីករាលដាលនៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ កំពុងស្ថិតក្រោមការកសាងសំណុំរឿងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕
