ក្លិបបាល់ទាត់វិសាខា ជាក្រុមដំបូងគេដែលដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រ សារជាថ្មី នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះលើដៃគូប្រកួតអាយអេសអាយដង្កោសែនជ័យ នៅវគ្គ៤ក្រុមចុងក្រោយដោយលទ្ធផលសរុបទាំងពីរជើង ៧-១ ។
នេះជាលើកទី៤របស់ក្លិបវិសាខា ដែលដណ្តើមបានកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ ខណៈ៣លើកកន្លងទៅវិសាខា ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ឈ្នះជើងឯកទាំង៣លើក ពោលគឺឈ្នះដំបូងនៅឆ្នាំ២០២០ លើកទី២ ឆ្នាំ២០២១ និងលើកទី៣ ឆ្នាំ២០២២។

នេះជាលទ្ធផលវគ្គ៤ក្រុមចុងក្រោយ
ជើងទី១៖
- វិសាខា ៣-០ អាយអេសអាយ ដង្កោសែនជ័យ នៅកីឡដ្ឋានវិសាខា
- បឹងកេត ១-១ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ
ជើងទី២៖
- អាយអេសអាយដង្កោសែនជ័យ ១-៤ វិសាខា នីកីឡដ្ឋាន ISI Park
- ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ដូចនេះនៅវគ្គផ្តាច់ព្រ័ត្រ លើកទី១៩ ឆ្នាំ២០២៦ នេះ ក្រុមវិសាខា ត្រូវអង្គុយចាំរវាងក្រុមឈ្នះព្រះខ័នរាជស្វាយរៀង ឬ បឹងកេត ដោយក្រុមទាំងពីរត្រូវប៉ះគ្នាម្តងទៀតសម្រាប់ជើងទី២ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ។

សូមជម្រាបថាកម្មវិធីប្រកួតពានរង្វាន់សម្តេចតេជោ គឺបានចាប់ផ្តើមពីថ្ងៃទី២១ ខែមករា គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យក្រុមទាំង១៦ ប្រកួតប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។ ចំនួនក្រុមដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ពីវគ្គ១៦ក្រុម ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈវគ្គផ្តាច់ព្រ័ត្រ គឺធ្វើតែមួយជើងទេ នៅទឹកដីកណ្តាល។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០០៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

