មហិច្ឆតាជាតិនិយម និងល្បែងនយោបាយផ្ទៃក្នុងថៃ កំពុងរុញច្រានឱ្យកិច្ចព្រមព្រៀងព្រំដែនកម្ពុជា-ថៃ ឲ្យធ្លាក់ក្នុងភាពមិនច្បាស់លាស់។ ទោះជាយ៉ាងណា អ្នកជំនាញអះអាងថា ការប្រកាសលុបចោលឯកតោភាគីលើកិច្ចព្រមព្រៀងណាមួយ មិនត្រឹមតែមិនអាចធ្វើទៅរួចតាមច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបើកផ្លូវឱ្យកម្ពុជាមានប្រៀបលើទិដ្ឋភាពច្បាប់កាន់តែខ្លាំង នៅចំពោះមុខតុលាការអន្តរជាតិ។
ម្ដងជាពីរដង រដ្ឋាភិបាលថៃតែងដើរពើងទ្រូងចាត់ទុកខ្លួនឯងជាអ្នកខ្លាំងផង និងជាជនរងគ្រោះផង ដោយបង្ហាញបំណងចង់លុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និង២០០១ ក្រោមហេតុផលថា កិច្ចព្រមព្រៀងទាំងពីរនេះកំពុងធ្វើឱ្យខ្លួនបាត់បង់ទឹកដី និងដែនអធិបតេយ្យ។ ថៃយល់ថាបាត់បង់ទឹកដី និងដែនអធិបតេយ្យ ព្រោះ MOU 2000 បានទាញប្រទេសទាំងពីរឱ្យអនុវត្តកិច្ចព្រមព្រៀងទាំងឡាយរវាងបារាំង និងសៀម កាលពីចុងសតវត្សទី១៩ និងដើមសតវត្សទី២០ ជាពិសេសអនុសញ្ញាឆ្នាំ១៩០៤ ដែលបានបង្កើតគណៈកម្មការចម្រុះបារាំង-សៀម ដើម្បីបោះបង្គោលព្រំដែនតាមបណ្តោយជួរភ្នំដងរែក និងបង្កើតបានជាផែនទីខ្នាត ១:២០០,០០០។ ជាមួយគ្នានេះ ប្រជាពលរដ្ឋថៃមួយភាគយល់ថា ការចុះហត្ថលេខាលើ MOU 2001 ស្មើនឹងការទទួលស្គាល់បន្ទាត់ព្រំដែនសមុទ្រដែលកម្ពុជាបានប្រកាសកាលពីឆ្នាំ១៩៧២ ដែលពួកគេចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាពថៃលើកោះកុត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត យង់ ពៅ ពន្យល់ថា ការលើកយកប្រធានបទលុបអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងកម្ពុជា និងថៃ មកដុតកម្តៅនាពេលនេះ គឺកើតចេញពីបញ្ហាផ្ទៃក្នុងរបស់ថៃ ដែលកំពុងសម្លក់សម្លឹងចង្អុលដាក់គ្នាថាធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិ និងទឹកដី។ ខណៈរដ្ឋាភិបាលថ្មីដែលមិនទាន់ឈរជើងបានស៊ប់ កំពុងស្វែងរកការគាំទ្របន្ថែម ដូច្នេះការបំប៉នទឹកចិត្តជាតិនិយមដោយយកកំហឹងទាំងអស់មកជះលើកម្ពុជា និងការប្រកាសលុបកិច្ចព្រមព្រៀងនេះកិច្ចព្រមព្រៀងនោះចោល គឺជាវិធីសាស្ត្រមួយដែលជួយទាញប្រជាប្រិយភាពបានខ្លះដែរ។
មួយវិញទៀត ការទាមទារឱ្យប្រើយន្តការច្បាប់អន្តរជាតិ UNCLOS មើលទៅថៃចង់បង្ហាញថាខ្លួនប្រកាន់យកច្បាប់ទម្លាប់អន្តរជាតិ។ បើតាមលោកបណ្ឌិត យង់ ពៅ MoU 2001 គឺជាមធ្យោបាយដោះស្រាយបញ្ហាស្របតាមគោលការណ៍ច្បាប់អន្តរជាតិ គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ឆ្នាំ១៩៨២) នេះឯង។ ប្រសិនបើយើងមើលមួយជ្រុងទៀត ថៃទំនងជាមើលឃើញថា ការប្រើ UNCLOS គឺអាចឱ្យថៃមានលទ្ធភាពច្បាមយកកោះកុត និងដែនទឹកជុំវិញគ្រប់គ្រងទាំងស្រុង ដោយមិនឱ្យជាប់ពាក់ព័ន្ធជាមួយកម្ពុជាតទៅទៀត ត្បិត MoU 2001 កំពុងចង់ភ្ជាប់បញ្ហាព្រំដែនទឹកទៅនឹងការគូសផែនទីឆ្នាំ១៩៧២ ដែលការគូសវាសនេះគឺយោងទៅលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤។
ថៃចង់ប្រើយន្តការច្បាប់អន្តរជាតិបម្រើតែផលប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ ច្បាប់ណាដែលថៃគិតថាមិនបម្រើប្រយោជន៍ខ្លួន នោះថៃប្រកាសមិនទទួលស្គាល់។ ម្ល៉ោះហើយលោកបណ្ឌិត យង់ ពៅ លើកឡើងថា បើថៃមានឆន្ទៈគោរពច្បាប់អន្តរជាតិ និងប្រើច្បាប់អន្តរជាតិដោះស្រាយបញ្ហាមែននោះ ថៃគួរតែប្រើទាំងព្រំដែនគោក និងព្រំដែនទឹកឱ្យស្របគ្នាតែម្ដងទៅ។ ការទទួលស្គាល់ និងអនុវត្តច្បាប់អន្តរជាតិចោះៗ ដើម្បីថ្ពក់យកប្រយោជន៍គឺជាល្បែងគ្រោះថ្នាក់មួយ។
ឧបមាថា ថៃប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយកម្ពុជា (MoU 2001) ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលស្មើនឹងការល្មើសច្បាប់អន្តរជាតិ (អនុសញ្ញាទីក្រុងវីយែន) ហើយទាមទារឱ្យអនុវត្តច្បាប់អន្តរជាតិមួយទៀត (UNCLOS) ដែលជាគោលការណ៍ច្បាប់អន្តរជាតិគ្រឹះនៃ MoU 2001 នោះមានន័យថា ប្រទេសទាំងពីរអស់មធ្យោបាយចរចាគ្នាហើយ។ ពេលនោះកម្ពុជាអាចនឹងប្រើលទ្ធភាពប្តឹងទៅកាន់អាជ្ញាធរអន្តរជាតិដែលមានសមត្ថកិច្ច ដូចជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាដើម ដែលវាជាសុបិនអាក្រក់ដែលថៃមិនចង់ឃើញឡើយ។
ឥរិយាបថកម្ពុជា៖ ភាពមិនក្អេងក្អាង មិនឆោឡោ និងការគោរពច្បាប់ទម្លាប់អន្តរជាតិ បាននាំមកឱ្យកម្ពុជានូវឧត្តមភាពលើកិច្ចការដោះស្រាយបញ្ហាព្រំដែន ទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ និងទិដ្ឋភាពច្បាប់។ ចំណែកឯថៃ មាត់មិនដូចបំណង ព្រោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាដោយផ្ទាល់ នឹងត្រូវប្រឈមបញ្ហា ៤ គឺ៖ ១. ផ្តល់លទ្ធភាពកាន់តែទូលាយសម្រាប់កម្ពុជាប្រើប្រាស់ផែនទីសមុទ្រឆ្នាំ១៩៧២ ២. ប្រឈមនឹងច្បាប់អន្តរជាតិ ៣. ប៉ះពាល់កេរ្តិ៍ឈ្មោះ និងទំនុកចិត្តលើឆាកអន្តរជាតិ ៤. ទទួលរងនូវការរំខានក្នុងការប្រមូលធនធានបាតសមុទ្រ។
ដូចអ្វីដែលលោកបណ្ឌិត យង់ ពៅ ពន្យល់ គឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) មិនបាននិយាយអំពីការបែងចែកទឹកដីនោះទេ វាជាវិធីសាស្ត្រដែលភាគីទាំងពីរបង្កើតឡើងដើម្បីភាពចុះសម្រុងគ្នា រក្សាសន្តិភាព និងរួមគ្នាទាញយកប្រយោជន៍ពីធនធានរ៉ែបាតសមុទ្រលើដែនទឹកត្រួតស៊ីគ្នាទំហំប្រមាណ ១៦,០០០ គីឡូម៉ែត្រការ៉េ ខណៈដែលការចរចាខណ្ឌសីមាព្រំដែនត្រូវប្រើពេលរាប់សិបឆ្នាំតទៅមុខទៀត។
លោកបណ្ឌិត យង់ ពៅ និងអ្នកជំនាញផ្សេងទៀត យល់ស្របគ្នាថា អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃ (MOU 2000 និង 2001) មិនមែនគ្រាន់តែជាឯកសារបច្ចេកទេសព្រំដែន និងជាវិធីសាស្ត្រទាញយកប្រយោជន៍រួមគ្នារបស់កម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាយុថ្ការក្សាលំនឹងសន្តិសុខ និងការអភិវឌ្ឍសម្រាប់អនុតំបន់មេគង្គ និងអាស៊ានទាំងមូល។ ការបំផ្លាញយន្តការនេះ មិនត្រឹមតែជះផលអវិជ្ជមានដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរង្គោះរង្គើដល់គ្រឹះនៃសន្តិភាពក្នុងតំបន់ដែល ASEAN ខិតខំប្រឹងប្រែងកសាងជាច្រើនទសវត្សរ៍មកហើយ៕

