ក្នុងវឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថល វេទិកាពិភាក្សារវាងក្លិបអ្នកកាសែតកម្ពុជា និង CADT បានបង្ហាញថា ការប្រើប្រាស់ AI ក្នុងវិជ្ជាជីវៈសារព័ត៌មាន គឺជាដាវមុខពីរ ដែលទាមទារឱ្យអ្នកប្រើប្រាស់មានចំណេះដឹងច្បាស់លាស់ ផ្ទៀងផ្ទាត់ហ្មត់ចត់ និងមិនត្រូវផ្ដេកផ្ដួលលើបច្ចេកវិទ្យានេះទាំងស្រុងនោះទេ។

នៅព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ ក្លិបអ្នកកាសែតកម្ពុជា និងវិទ្យាស្ថានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំវេទិកាពិភាក្សាស្ដីពី «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, ឯកឧត្តម អស់លោក លោកស្រី មកពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងនិពន្ធនាយក និពន្ធនាយិកា និងអ្នកសារព័ត៌មានជាង ៨០នាក់ មកពី ៦៦ ស្ថាប័ន។

នៅក្នុងវេទិកាទី១ បានជជែកវែកញែកលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងការិយាល័យនិពន្ធនៃអង្គភាពសារព័ត៌មាន ដោយមានការចូលរួមពីតំណាងសារព័ត៌មានកោះសន្តិភាព ដែលជាអង្គភាពមានវ័យចំណាស់ជាងគេ និងសារព័ត៌មាន AMS ដែលជាអង្គភាពជំនាន់ថ្មី រួមជាមួយតំណាងស្ថាប័នជំនាញគឺ វិទ្យាស្ថានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។



កិច្ចពិភាក្សាដ៏ផុលផុសនេះ បានយល់ស្របគ្នាលើភាពចាំបាច់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយសម្រួល និងបង្កើនល្បឿនការងារស្របតាមវឌ្ឍនភាពសង្គម។ ជាមួយគ្នានេះ ក៏ត្រូវប្រុងប្រយ័ត្នផងដែរចំពោះទិន្នន័យទទួលបានពី AI ដែលអាចជាទិន្នន័យមិនឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាព មិនសុក្រឹត និងគ្មានប្រភពជាក់លាក់។ ដូច្នេះ ទាមទារឱ្យអ្នកប្រើប្រាស់ត្រូវផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់មុននឹងផ្សព្វផ្សាយជាសាធារណៈ ដើម្បីចៀសវាងបង្កឱ្យមានការភាន់ច្រឡំ។ ម្យ៉ាងទៀត ព័ត៌មានមួយចំនួនដែលពាក់ព័ន្ធនឹងឯកជនភាព ការសម្ងាត់ ឬសន្តិសុខជាតិជាដើម ត្រូវពិចារណាឱ្យបានល្អិតល្អន់មុននឹងបញ្ចូលព័ត៌មានទាំងនោះទៅឱ្យ AI រៀបចំ ឬជួយសម្រួលការងារ។
លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានពន្យល់ថា ទិន្នន័យដែលទទួលបានពី AI គឺជាទិន្នន័យដែលបានមកពីការបញ្ចូលពីប្រភពផ្សេងៗ រួមទាំងអ្នកដែលកំពុងទាញយកផងដែរ ម្ល៉ោះហើយព័ត៌មានមួយចំនួនដូចដែលបានលើកឡើងខាងលើនេះ អាចក្លាយជាកម្មវត្ថុនៃការទាញយកពីអ្នកដទៃ។ លោកបណ្ឌិតក៏បានលើកឡើងពីបញ្ហាប្រឈមមួយទៀតគឺ ទម្លាប់ប្រើប្រាស់ AI ជោកជាំខ្លាំងពេក អាចនឹងធ្វើឱ្យបាត់បង់ម្ចាស់ការ និងផ្ដេកផ្ដួលលើវាកាន់តែខ្លាំង។
ទោះជាយ៉ាងណា តំណាងភាគីពាក់ព័ន្ធបានឯកភាពគ្នាថា បច្ចេកវិទ្យា AI អាចជួយសម្រួល និងពន្លឿនការងារបានត្រឹមត្រូវ និងសុវត្ថិភាព លុះត្រាតែអ្នកប្រើប្រាស់មានចំណេះដឹងច្បាស់លាស់ និងអាចគ្រប់គ្រងទិន្នន័យដែលវាផ្ដល់ឱ្យបាន ពោលគឺត្រូវផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់បំផុត៕






