ការចូលរួមថែរក្សាវត្ថុបុរាណគឺជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់កូនខ្មែរគ្រប់រូប ក្នុងការថែរក្សាដួងព្រលឹង និងអត្តសញ្ញាណជាតិឱ្យបានគង់វង្ស។
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីប្រគល់ និងទទួលវត្ថុបុរាណចំនួន ៣មុខ រួមជាមួយសិលាចារឹក ១ផ្ទាំង ពីព្រះសង្ឃ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍កន្ទួត ស្រុកជាំក្សាន្ត ដើម្បីយកមករក្សាទុក អភិរក្ស និងបន្តការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ។ នេះបើតាម អាជ្ញាធរជាតិព្រះវិហារ។

តាមការពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ បានបង្ហាញថា វត្ថុបុរាណដែលត្រូវបានរកឃើញ និងប្រគល់ជូននាពេលនេះ រួមមានដងខ្លួនទេពស្រីមួយអង្គធ្វើអំពីថ្មភក់ ស្ថិតក្នុងរចនាបថកោះកេរ នាអំឡុងសតវត្សទី១០ និងខួចចំនួន ២ ដែលធ្វើពីដីដុត នាអំឡុងសតវត្សទី១១ ដល់ទី១២។ អ្វីដែលកាន់តែពិសេសនោះ ក្នុងកិច្ចប្រតិបត្តិការនេះ ក៏មានការប្រទះឃើញសិលាចារឹកចំនួន ១ផ្ទាំង ដែលត្រូវបាននាំយកមកពីប្រាសាទព្រៃស្វាយ ដោយមានចារជាភាសាខ្មែរបុរាណចំនួន ៣១បន្ទាត់ នៅលើស៊ុមទ្វារប្រាសាទ ដែលជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ការសិក្សាអំពីអរិយធម៌ខ្មែរនាសម័យបុរាណ។
ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏ខ្ពង់ខ្ពស់របស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តប្រគល់រតនសម្បត្តិទាំងនេះជូនមកសមត្ថកិច្ចជំនាញ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយល់ដឹង និងស្មារតីទទួលខុសត្រូវខ្ពស់របស់សហគមន៍មូលដ្ឋាន ក្នុងការចូលរួមកិច្ចការពារមរតកវប្បធម៌ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរ។




បច្ចុប្បន្ន វត្ថុបុរាណ និងសិលាចារឹកទាំងនេះ ត្រូវបានអាជ្ញាធរជាតិព្រះវិហារនាំយកមករក្សាទុកនៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីធ្វើការសម្អាត និងអភិរក្សតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ។ ការប្រគល់វត្ថុបុរាណមករក្សាទុកក្នុងសារមន្ទីរ មិនត្រឹមតែជួយការពារវត្ថុទាំងនោះពីការបាត់បង់ ឬការជួញដូរខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ បានសិក្សាស្វែងយល់ និងមានមោទកភាពចំពោះភាពរុងរឿងនៃវប្បធម៌ខ្មែរ ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក។
អាជ្ញាធរជាតិព្រះវិហារ ក៏បានសម្តែងនូវការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់តំបន់ សូមបន្តចូលរួមសហការ និងរាយការណ៍ជូនអាជ្ញាធរ ប្រសិនបើប្រទះឃើញវត្ថុបុរាណផ្សេងៗ ដើម្បីរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ជាតិឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជានិរន្តរ៍តទៅ៕

