ភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែ១០ម៉ោងបន្ទាប់ពីកើតហេតុ កម្លាំងនគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីលួចយកទូរស័ព្ទដៃពីជនជាតិកូរ៉េម្នាក់។

តាមព័ត៌មានបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៥:៣០នាទីព្រឹក នៅចំណុចផ្លូវលេខ១៥៤ កែងផ្លូវលេខ៤៩ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងផ្នែកជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍ផ្សារថ្មី៣ បានចុះស្រាវជ្រាវយ៉ាងរហ័ស រហូតដល់វេលាម៉ោង ០៣:០០នាទីរសៀលថ្ងៃដដែល បានឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ នៅចំណុចខាងក្រោយសាលាបឋមសិក្សានរោត្តម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី២។

ជនសង្ស័យទាំងពីររួមមាន ឈ្មោះ ចាន់ សំណាង ហៅទី អាយុ១៩ឆ្នាំ និងឈ្មោះ មាស អៀរ៉ុម អាយុ៤២ឆ្នាំ ដែលទាំងពីរមានមុខរបរ និងទីលំនៅមិនពិតប្រាកដ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកទូរស័ព្ទដែលជាវត្ថុតាង ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

អត្ថបទ៖ ចតុម្មុខ

Share.