ខេត្តព្រះសីហនុ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញ ផែនការងារព្រហ្មទណ្ឌ បានចុះបង្រ្កាប ករណីព្រហ្មទណ្ឌចំនួន២ករណីនិងឃាត់ខ្លួនជនសង្ស័យ ៧នាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ក្នុង​ការ​ចុះបង្ក្រាប ករណីព្រហ្មទណ្ឌចំនួន២ករណីនិងឃាត់ខ្លួនជនសង្ស័យ ៧នាក់ មាន​ដូច​ខាង​ក្រោម៖

១- ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើដាវ កាំបិត និងដងឆត្រ វាយកាប់បំផ្លាញម៉ូតូ កើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រោយធនាគារ ABA ក្នុងតំបន់សេដ្ឋកិច្ចពិសេស សង្កាត់បិតត្រាំង ក្រុងកំពង់សោម ។

សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន០៦នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន ដាវ កាំបិត និងផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ ។

២- ករណីអំពើលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូដោយកាច់សោក) កើតឡើងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ និងដកហូតម៉ូតូពាក់ព័ន្ធ រួមទាំងឧបករណ៍សម្រាប់ធ្វើសកម្មភាពលួច ។ ម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ដោយមានការអនុញ្ញាតពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៧នាក់ ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Share.