នៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងច្បាស់លាស់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺពិតណាស់ មានតែការចំណេញដល់សេដ្ឋកិច្ចជាតិ មិនមែនជាការខាតបង់ដូចការព្រួយបារម្ភរបស់អ្នកមួយចំនួនឡើយ។

សម្តេចធិបតីបានថ្លែងថា ក្រោយពេលមានគម្រោងនេះ កម្ពុជានឹងអាចដឹកជញ្ជូនផលិតផលកសិកម្ម និងទំនិញផ្សេងៗទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងប្រទេសចិន ដោយផ្ទាល់ដែលជួយកាត់បន្ថយការចំណាយ និងបញ្ហាផ្ទេរទំនិញពីមួយកន្លែងទៅមួយកន្លែងដូចពេលកន្លងមក។
សម្តេចមានប្រសាសន៍ថា៖ «មានមនុស្សមួយចំនួននៅមានការគិតគូរ និងមិនទាន់ជឿទុកចិត្តទៅលើផលប្រយោជន៍នៃព្រែកជីកហ្វូណនទេ។ គេអាចមើលតែមួយជ្រុង គឺផ្នែកធុរកិច្ច ដោយគិតថា ការវិនិយោគ និងប្រតិបត្តិការអាចនឹងអស់ថ្លៃ ហើយប្រហែលជាអត់ចំណេញ។ ប៉ុន្តែអ្វីដែលខ្ញុំបានដឹង ក្នុងនាមជាអ្នកសេដ្ឋកិច្ច ខ្ញុំមិនមើលតែចំណូលតាមគណនេយ្យទេ ខ្ញុំមើលផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល។»
សម្តេចធិបតីបានចង្អុលបង្ហាញថា លទ្ធភាពនៃការដឹកជញ្ជូន ការធានាសមត្ថភាពគ្រប់ពេលវេលា ព្រមទាំងការធានាប្រព័ន្ធធារាសាស្ត្រសម្រាប់ផ្ទៃដីរាប់លានហិកតានៅតាមបណ្តោយផ្លូវ សុទ្ធតែជាផលប្រយោជន៍ដ៏ធំធេង។ លើសពីនេះ ព្រែកជីកនេះក៏បង្កើតឱកាសសម្រាប់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មបន្ថែមជាច្រើនទៀតផងដែរ។

សម្តេចមានប្រសាសន៍បន្ថែមថា៖ «គម្រោងខ្លះត្រូវតែធ្វើ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល។ វាជួយដល់វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម គ្រប់វិស័យទាំងអស់ ជាពិសេសវិស័យដឹកជញ្ជូន ដើម្បីធានានូវភាពប្រកួតប្រជែងរបស់យើង។ នេះជាសមិទ្ធផលដែលខ្ញុំហ៊ានធានាថា អត់ខាតទេ ធ្វើព្រែកជីកហ្វូណននេះ គឺមានតែចំណេញ។»
គួរបញ្ជាក់ថា ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីបានយកវេទិការនេះឆ្លើយតបដោយផ្ទាល់ទៅនឹងការរិះគន់ និងក្តីបារម្ភមួយចំនួនដែលមើលឃើញថា គម្រោងនេះអាចនឹងមិនទទួលបានផលចំណេញតាមទស្សនៈធុរកិច្ចសុទ្ធសាធ៕

