បន្ទាយមានជ័យ ៖ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តចុះត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស និងទីតាំងសង្ស័យចំនួន៥កន្លែង ដែលពួកគេលបលួចប្រព្រឹត្តបទល្មើស។ លទ្ធផលនៃការត្រួតពិនិត្យនេះ បានរកឃើញជនបរទេសសរុបចំនួន៨២នាក់ ប៉ុន្តែគ្មានសញ្ញាណនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឡើយ។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ការចុះត្រួតពិនិត្យនេះធ្វើឡើងក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា និងឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្នុងចំណោមទីតាំងទាំង៥ កម្លាំងជំនាញបានចុះត្រួតពិនិត្យអគារ KTV X.Star ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញរថយន្តចំនួន១០គ្រឿង ដោយក្នុងចំណោមនោះ មានរថយន្តចំនួន២គ្រឿងផ្ទុកនូវវត្ថុតាងពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន៖

រថយន្តទី១៖ ម៉ាក GAC ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2CC-6101។ សមត្ថកិច្ចបានរកឃើញប្រអប់ពណ៌ខ្មៅចំនួន១ នៅក្នុងប្រអប់ដាក់សម្ភារៈកណ្ដាលរថយន្ត (Console box)។ នៅក្នុងប្រអប់ខ្មៅនោះ មានបន្ទះអាលុយមីញ៉ូមចំនួន១បន្ទះ និងសំណល់ម្សៅពណ៌ស។
ជនសង្ស័យដែលជាម្ចាស់រថយន្តនេះ ឈ្មោះ GUO HAN SHENG ភេទប្រុស ជនជាតិចិន (សញ្ជាតិតៃវ៉ាន់) បានធ្វើតេស្តទឹកនោម ទទួលបានលទ្ធផល (វិជ្ជមាន) ថាមានសារធាតុញៀនប្រភេទកេតាមីន (K)។ សមត្ថកិច្ចបានរកឃើញវត្ថុតាងបន្ថែមពីជនសង្ស័យនេះ រួមមាន៖ លិខិតឆ្លងដែនចំនួន១ក្បាល ទូរស័ព្ទដៃចំនួន៤គ្រឿង និងប័ណ្ណការងារចំនួន៤សន្លឹក។
រថយន្តទី២៖ ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-8588។ ការត្រួតពិនិត្យបានរកឃើញវត្ថុតាងដូចជា៖ ពិលឆក់ពណ៌ខ្មៅចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាក iPhone 7 ពណ៌ខ្មៅចំនួន១គ្រឿង, ទូរស័ព្ទម៉ាក iPhone X ពណ៌ខ្មៅចំនួន១គ្រឿង, អាវក្រោះពណ៌ខ្មៅចំនួន១ និងដំបងជ័រពណ៌ខ្មៅចំនួន១។

បច្ចុប្បន្ននេះ ជនបរទេសទាំងអស់ចំនួន៨២នាក់ ត្រូវបានប្រគល់ជូនផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធីតាមច្បាប់។ រីឯរថយន្តទាំងពីរគ្រឿង និងវត្ថុតាងនានា ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បូវបន្តនីតិវិធីផ្លូវច្បាប់។
គួរបញ្ជាក់ថា បើទោះបីជាមិនមានការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រតិបត្តិការនេះក៏ដោយ ក៏សមត្ថកិច្ចនៅតែបន្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះបទល្មើសពាក់ព័ន្ធគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌដទៃទៀត៕

