ករណីគ្រោះធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារបាតុភូតរន្ទះបាញ់បណ្ដាលឱ្យសត្វគោរបស់ប្រជាកសិករចំនួន ១៩ក្បាល បានងាប់ភ្លាមៗ នៅស្រុកលំផាត់ ខេត្តរតនគិរី ដែលបង្កជាការខូចខាតយ៉ាងធំធេង​សម្រាប់​បងប្អូន​ប្រជាកសិករ។

យោងតាមរបាយការណ៍ផ្លូវការពីរដ្ឋបាលឃុំជ័យឧត្ដម ស្រុកលំផាត់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១:២០ នាទីរសៀល។ ក្នុងចំណោមសត្វគោដែលងាប់ទាំង ១៩ក្បាលនោះ ស្ថិតក្នុង​ភូមិ​ចំនួន២ គឺ ភូមិ​ថ្មី ងាប់ចំនួន៩ ក្បាល និង​ភូមិ​ស្រែឈូក​ ងាប់ចំនួន​១០ក្បាល។

គួរដឹងថា រន្ទះបាញ់គឺជាបាតុភូតធម្មជាតិដែលកើតឡើងដោយសារភាពខុសគ្នានៃបន្ទុកអគ្គិសនីរវាងពពក និងផ្ទៃដី។ ក្នុងករណីនេះ សត្វគោដែលស្ថិតនៅទីវាល ឬនៅក្រោមដើមឈើ គឺជាចំណុចស្រូប ឬជាចំណុចប្រសព្វនៃប៉ូលអគ្គិសនី ដែលងាយនឹងរងការវាយប្រហារបំផុតពីខ្សែរន្ទះ។

ការបាត់បង់សត្វពាហនៈក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គឺជាការខាតបង់ទ្រព្យធន និងដើមទុនយ៉ាងធ្ងន់ធ្ងរសម្រាប់គ្រួសារប្រជាកសិករ។

ឆ្លៀតក្នុងឱកាសនេះ អាជ្ញាធរក៏ដូចជាអ្នកជំនាញបានចេញសេចក្ដីអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាកសិករទាំងអស់ ឱ្យមានការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វពាហនៈ និងខ្លួនឯងផ្ទាល់ នៅដើមរដូវវស្សានេះ ដែលជាទូទៅតែងតែមានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន៕

Share.