ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបង្ហាញជំហរដាច់ខាត និងវិធានការកណ្តាប់ដៃដែក ក្នុងការ​បោស​សម្អាត​បទល្មើស​បច្ចេកវិទ្យាឆ្លងដែន។ ជាក់ស្តែង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ជនជាតិវៀតណាមសរុបចំនួន ១០៩ នាក់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ បន្ទាប់ពីរកឃើញថាមានការលបលួចចូលមកស្នាក់នៅ និងប្រព្រឹត្តបទល្មើសខុសច្បាប់ជាច្រើនករណី។

ការបណ្តេញចេញនេះ ត្រូវបានធ្វើឡើងក្រោមការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយស្ថានទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ជូនខ្លួនក្រុមជនល្មើសទាំងនោះ ត្រឡប់ទៅវិញតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំឌិន ស្ថិតក្នុងខេត្តតាកែវ។

ក្នុងចំណោមជនជាតិបរទេសទាំង ១០៩ នាក់ (មានស្រីចំនួន ២៩ នាក់) ដែលត្រូវបានបណ្ដេញចេញនាពេលនេះ គឺសុទ្ធតែជាមុខសញ្ញាដែលបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ រួមមាន ៖ ការពាក់ព័ន្ធក្នុងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា និងការជួញដូរនូវសារធាតុញៀនខុសច្បាប់។

យុទ្ធនាការឆ្លើយតបដ៏មានប្រសិទ្ធភាពនេះ គឺជាការដើរស្របទៅតាមបន្ទាត់នយោបាយ និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបោសសម្អាត និងលុបបំបាត់រាល់ទម្រង់នៃឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងកើតមានឡើងឱ្យអស់ពីទឹកដីកម្ពុជា។ ទន្ទឹមនឹងការចាត់វិធានការក្តៅទៅលើក្រុមល្មើសច្បាប់ ក្រសួងមហាផ្ទៃក៏បានបញ្ជាក់យ៉ាងច្បាស់ពីគោលការណ៍ចម្បងពីរគឺ៖ ការវាយកម្ទេចមេខ្លោង និង ការជួយសង្គ្រោះជនរងគ្រោះ។

រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរក និងផ្តន្ទាទោសចំពោះមេខ្លោងធំៗដែលនៅពីក្រោយខ្នងនៃបណ្តាញឧក្រិដ្ឋកម្មទាំងនេះដោយគ្មានការលើកលែង ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។ ជាមួយគ្នានោះដែរ កម្ពុជាក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះស្លូតត្រង់ ដែលត្រូវបានមេខ្លោងទាំងនោះបោកបញ្ឆោត ឬបង្ខិតបង្ខំឱ្យមកធ្វើការក្នុងសកម្មភាពឆបោក អនឡាញ ដោយផ្តល់សេរីភាព និងសម្របសម្រួលឱ្យពួកគេបានវិលត្រឡប់ទៅកាន់មាតុភូមិ និងជួបជុំក្រុមគ្រួសារវិញប្រកបដោយសុវត្ថិភាព៕

Share.