ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជូនបានបញ្ជូនជនសង្ស័យចំនួន២៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសចំនួន៥ករណីផ្សេងគ្នា រួមមានករណីហិង្សា លួចមានស្ថានទម្ងន់ទោស ឆបោក ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ និងប៉ុនប៉ងឃាតកម្ម។

ប្រតិបត្តិការនេះធ្វើឡើង ដោយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ស្រុកស៊ីធរកណ្ដាល និងស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមបទល្មើសទាំង៥ករណី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលក្រុមក្មេងទំនើងប្រើដុំថ្ម ដែកដងឆ័ត្រ និងដាវកែច្នៃ ដេញវាយ និងបំផ្លាញម៉ូតូជនរងគ្រោះ នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ កាលពីថ្ងៃទី២៣ និង២៤ ខែឧសភា ឆ្នាំ២០២៦។

ក្រៅពីនេះ ក៏មានករណីវាយប្លន់យកទូរស័ព្ទដៃ iPhone 15 Pro Max នៅខណ្ឌពោធិ៍សែនជ័យ ករណីឆបោកប្រាក់នៅខណ្ឌច្បារអំពៅ ករណីប្រើលិខិតឆ្លងដែនក្លែងក្លាយ និងករណីប៉ុនប៉ងឃាតកម្ម ដោយប្រើកាំបិតកាប់ជនរងគ្រោះឲ្យរងរបួសធ្ងន់។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង២៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សេង សាវី

Share.