សោកនាដកម្មពីរលើកធំៗដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងខែមីនា និងខែឧសភា ឆ្នាំ២០២៦ នេះ បានសបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានបង្កើតឡើងដើម្បីបញ្ចប់ជម្លោះយោធារវាងកម្ពុជា និងថៃក៏ដោយ ក៏ប៉ុន្តែឥទ្ធិពលបំផ្លិចបំផ្លាញនៃអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃនៅតែបន្តប្រដេញតាមឆក់យកជីវិត និងលងបន្លាចប្រជាពលរដ្ឋខ្មែរស្លូតត្រង់នៅតាមខ្សែបន្ទាត់ព្រំដែនឥតឈប់ឈរ។
សំណល់គ្រាប់បែកចង្កោម ដែលបន្សល់ទុកពីសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ បាននិងកំពុងប្រែក្លាយតំបន់កសិកម្ម និងព្រៃសហគមន៍ឱ្យទៅជាសមរភូមិគ្មានផ្សែង ដែលបន្តបង្កសង្គ្រាមឯកតោភាគីមកលើសន្តិសុខ សេដ្ឋកិច្ច និងផ្លូវចិត្តរបស់ប្រជាជនកម្ពុជា។
ក្នុងនោះករណីទី១ បានកើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយបុរសអាយុ៤២ឆ្នាំម្នាក់បានបាត់បង់ជីវិត ខណៈបុរសម្នាក់ទៀតអាយុ៤៧ឆ្នាំរងរបួសធ្ងន់ធ្ងរ ដោយសារការផ្ទុះសំណល់គ្រាប់បែកចង្កោម។ តាមការបញ្ជាក់ពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) គ្រាប់បែកនោះជាប្រភេទ M46 ដែលជាកូនគ្រាប់បែកចង្កោមរបស់ផ្លោង១៥៥មម NR269 ដែលបន្សល់ទុកពីសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។
ត្រឹមតែជាងពីរខែក្រោយមក ករណីទី ២ កើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សោកនាដកម្មស្រដៀងគ្នានេះបានធ្វើជនរងគ្រោះជាប្រជាពលរដ្ឋខ្មែរម្នាក់ទៀតបានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងកាប់ឈើអុស ដោយពេលប៉ះពាល់គ្រាប់បែកចង្កោម M46 ផ្ទុះ។ ហេតុការណ៍ ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានបញ្ជាក់ថា តំបន់ភូមិមួយនេះធ្លាប់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមទាំងសង្គ្រាមពីរលើកក្នុងឆ្នាំ ២០២៥ ដោយនៅខែតុលា ឆ្នាំ ២០២៥ មានកុមារាអាយុ ១០ ឆ្នាំម្នាក់បានស្លាប់ និងឪពុករបួសធ្ងន់។
គួររំលឹកថា នៅខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ហេង រតនា ធ្លាប់បានអះអាងថា CMAC បានប៉ាន់ប្រមាណថា ខេត្តដែលរងផលប៉ះពាល់មានចំនួន ៤ ខេត្តដូចជាខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ ក្នុងនោះមានយ៉ាងហោចណាស់មានគ្រាប់បែកចំនួន ១៥៤៩គ្រាប់ ត្រូវបានទម្លាក់នៅខេត្តឧត្តរមានជ័យ។
បញ្ហានេះមិនមែនជារឿងចៃដន្យនោះទេ ព្រោះថាគ្រាប់បែកចង្កោមគឺជាអាវុធដែលត្រូវបានធ្វើឡើងដើម្បីបំផ្លាញទូទាំងតំបន់ធំៗ ប៉ុន្តែភាពឃោរឃៅបំផុតរបស់វាស្ថិតនៅត្រង់ថា កូនគ្រាប់បែករាប់រយគ្រាប់មិនផ្ទុះភ្លាមៗនោះទេ។ វាក្លាយទៅជាមីនពេលវេលា កប់ក្នុងដីរាប់ទសវត្សរ៍។ M46 ដែលកំពុងសម្លាប់ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ គឺជាសក្ខីកម្មមួយនៃយុទ្ធសាស្ត្រយោធាដ៏គ្រោះថ្នាក់ដែលថៃបានប្រើប្រាស់ក្នុងជម្លោះព្រំដែន។
យោងតាមការអះអាងរបស់ CMAC ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ អង្គភាពជំនាញបានបោសសម្អាតតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងស្រុង ព្រមទាំងបានហ៊ុំព័ទ្ធ និងដាក់ស្លាកសញ្ញានៅតំបន់ព្រៃខាងក្រោយភូមិ និងតំបន់កសិកម្មមួយចំនួនជាអាទិភាពបន្ត។ ខណៈដែលថវិកា និងធនធានសម្រាប់ការបោសសម្អាតមីននៅកម្ពុជាកំពុងធ្លាក់ចុះដោយសារអ្នកផ្តល់ជំនួយអន្តរជាតិមួយចំនួនប្រកាសកាត់បន្ថយថវិកា កិច្ចការកម្ចាត់គ្រាប់បែកចង្កោមដែលបន្សល់ទុកពីសង្គ្រាមថៃកំពុងប្រឈមមុខនឹងបន្ទុកធ្ងន់។
ការអំពាវនាវរបស់ CMAC ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចៀសវាងប៉ះពាល់វត្ថុសង្ស័យ និងទាក់ទងកម្លាំងជំនាញ គឺជាវិធានការចាំបាច់ ប៉ុន្តែមិនគ្រប់គ្រាន់នោះទេ។ ដំណោះស្រាយពិតប្រាកដទាមទារឱ្យមាន៖
ការបង្កើនល្បឿនបោសសម្អាត ជាពិសេសនៅតំបន់ព្រៃ និងដីកសិកម្ម ដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ជាប្រចាំ។ មួយទៀតគឺ សម្ពាធការទូត លើរាជរដ្ឋាភិបាលថៃ ឱ្យទទួលស្គាល់ការទទួលខុសត្រូវខាងសីលធម៌ និងសម្ភារៈ ចំពោះសំណល់អាវុធរបស់ខ្លួន រួមទាំងការផ្តល់ផែនទី និងថវិកាបោសសម្អាត។
សូមជម្រាបថា គ្រាប់បែកចង្កោម M46 ដែលបន្សល់ទុកពីយោធាថៃ មិនមែនគ្រាន់តែជាសំណល់ពីសង្គ្រាមប៉ុណ្ណោះទេ វាគឺជាឃាតករលាក់មុខដែលកំពុងបន្តតាមប្រមាញ់អាយុជីវិតពលរដ្ឋខ្មែរនាពេលនេះ។ ដរាបណាកូនគ្រាប់បែកចុងក្រោយមិនទាន់ត្រូវបានកម្ទេចចោល នោះសន្តិភាពសម្រាប់ប្រជាពលរដ្ឋខ្មែរតាមបន្ទាត់ព្រំដែននៅតែជាសុបិនដ៏ផុយស្រួយនិងអាក្រក់បំផុត។ ករណីដែលពលរដ្ឋខ្មែរបានបាត់បង់ជីវិតបានរំលឹកថា សង្គ្រាមមិនដែលបញ្ចប់ពិតប្រាកដសម្រាប់អ្នកដែលរស់នៅលើដីដែលធ្លាប់ជាសមរភូមិនោះទេ៕

