ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា និងដើម្បីទប់ស្កាត់ល្បិចកលបោកប្រាស់ផ្សេងៗ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីជម្រុញនិងលើកកម្ពស់ការផលិតមាតិកាផ្សព្វផ្សាយអប់រំ ក្នុងគោលបំណងពង្រឹងការយល់ដឹងផ្នែកសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលដល់ប្រជាពលរដ្ឋ។





កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ អុីវ វាសនា និងលោកឧត្តមសេនីយ៍ទោ ស្រូយ ដារ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការចូលរួមពីប្រធាននាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល ប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ អនុប្រធាននាយកដ្ឋាន-អនុប្រធានស្ថានីយ៍ នាយ-នាយរងការិយាល័យ ព្រមទាំងមន្ដ្រីជំនាញជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អុីវ វាសនា បានសង្កត់ធ្ងន់ពីតម្លៃនៃការអប់រំផ្សព្វផ្សាយ ដោយលោកមានប្រសាសន៍ថា៖ «ការជំរុញការផ្សព្វផ្សាយការយល់ដឹងអំពីបទល្មើសបច្ចេកវិទ្យា និងវិធីសាស្ត្រការពារខ្លួន គឺជាកិច្ចការដ៏សំខាន់ចាំបាច់ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជាពីការឆបោកតាមប្រព័ន្ធអនឡាញ»។
ទន្ទឹមនឹងការដាក់ទិសដៅផលិតមាតិកាអប់រំឱ្យកាន់តែសម្បូរបែប និងងាយយល់ លោកឧត្តមសេនីយ៍ទោ អគ្គនាយករង ក៏បានអំពាវនាវនិងក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប នូវចំណុចគន្លឹះចំនួន ៣ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះពីបទល្មើសបច្ចេកវិទ្យា៖
១- ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មានអប់រំផ្សេងៗ ដើម្បីស្វែងយល់ពីការវិវត្តនៃបច្ចេកវិទ្យា និងហានិភ័យនានា។
២– នាំគ្នាចែករំលែកព័ត៌មានអប់រំទាំងនោះបន្តទៅកាន់សមាជិកគ្រួសារ បងប្អូន និងមិត្តភក្តិ ដើម្បីបង្កើតជាខែលការពាររួមគ្នា។
៣- ត្រូវរួមគ្នាធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធភ្លាមៗ ក្នុងករណីជួបប្រទះ ឬមានការសង្ស័យថាជា «បទល្មើសបច្ចេកវិទ្យា»។
កិច្ចប្រជុំនេះរំពឹងថានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការបណ្តុះស្មារតី «ប្រុងប្រយ័ត្នឌីជីថល» ដល់សាធារណជន តាមរយៈវីដេអូ និងរូបភាពអប់រំថ្មីៗ ដែលនឹងត្រូវផលិតឡើងដោយស្ថាប័នជំនាញរបស់ក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗខាងមុខនេះ៕

