ខេត្តសៀមរាប៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូន ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសអញ្ជើញទៅទស្សនាប្រាសាទបុរាណនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ បានផ្តល់ឱកាសឱ្យគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ បានឈ្វេងយល់យ៉ាងស៊ីជម្រៅអំពី ប្រវត្តិសាស្ត្រដ៏យូរលង់ សិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យមិនអាចកាត់ថ្លៃបាននៃរមណីយដ្ឋានអង្គរ។ជាមួយគ្នានេះ​ដែរ ក៏​បាន​ឃើញ​ពី​សមិទ្ធផលសំខាន់ៗមួយចំនួនរបស់អាជ្ញាធរជាតិអប្សរា ក្នុងការងារអភិរក្ស ជួសជុល និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌពិភពលោកមួយនេះដោយចីរភាព។

សូមបញ្ជាក់ជូនផងដែរថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូនមកកាន់ទឹកដីខេត្តសៀមរាបនេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីគណៈប្រតិភូបានបញ្ចប់ការចូលរួម «សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន លើកទី២៨» ដែលប្រទេសកម្ពុជាបានទទួលកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ យ៉ាងជោគជ័យ៕

Share.