ព្រះសីហនុ ៖ ដល់រដូវកាលប្រមូលផលទុរេនហើយ! ប្រជាកសិករនៅភូមិស្រែចាមលើ សង្កាត់អូរជ្រៅ ក្រុងកំពង់​សោម​ ខេត្តព្រះសីហនុ បានចាប់ផ្តើមប្រមូលផលផ្លែទុរេនប្រចាំឆ្នាំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងរាជធានីភ្នំពេញ។

កសិករម្ចាស់ចំការមួយរូបឈ្មោះ លី សុខ បានឱ្យដឹងថា រដូវប្រមូលផលនៅចំការរបស់លោកបានចាប់ផ្តើមពីថ្ងៃទី១៥ ខែទី៥ (រាប់តាមចន្ទគតិ) ហើយនឹងបន្តរហូតដល់ដើម ឬពាក់កណ្តាលខែទី៦។ លោកបានថ្លែងថា ថ្វីត្បិតតែចំការទុរេននៅក្រុងកំពង់សោមមានចំនួនតិចតួចបើធៀបនឹងខេត្តដទៃដូចជាកំពត ឬកោះកុងក៏ដោយ ប៉ុន្តែរសជាតិទុរេននៅទីនេះមិនទាបជាងគេឡើយ។

ម្ចាស់ចំការរូបនេះបានលើកឡើងដោយមោទនភាពថា ៖ «បើយើងនិយាយពីសក្តានុពល រសជាតិយើងអត់ចាញ់នឹងប្រទេសជិតខាងទេ ហើយបើយើងនិយាយពីសុវត្ថិភាពវិញគឺ ១០០%»។

លោកបានបន្ថែមថា ការដាំទុរេនទាមទារការថែទាំដ៏លំបាក ប៉ុន្តែផលតបស្នងវិញគឺសមរម្យ។ ក្រៅពីការបង្កើនប្រាក់ចំណូលដល់គ្រួសារ ចំការទុរេនក៏បានបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់កម្លាំងពលកម្មទៅកាន់ប្រទេសជិតខាង។

កសិកររូបនេះក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឱ្យចូលរួមគាំទ្រផលិតផលកសិកម្មក្នុងស្រុកឱ្យបានច្រើន។ លោកបានថ្លែងថា ៖ «យើងកុំពឹងពាក់ទៅលើផលិតផលកសិកម្មរបស់គេនាំចូលមកច្រើនពេក ព្រោះថាយើងអត់ដឹងថាផលិតផលគេហ្នឹងមានផលលំបាក ប៉ះពាល់អីដល់យើងខ្លះទេ… តាមពិតផលិតផលកសិកម្មរបស់យើងគឺគុណភាព ហើយសុវត្ថិភាពបំផុត»។

បន្ថែមពីលើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ម្ចាស់ចំការបានសម្តែងក្តីសង្ឃឹមថា នៅពេលខាងមុខ ទុរេនកំពង់សោមអាចនឹងត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង ដើម្បីឱ្យពិភពលោកស្គាល់ពីគុណភាពផលិតផលកសិកម្មរបស់កម្ពុជា។ លោកបានបញ្ជាក់យ៉ាងមុតមាំថា កសិករខ្មែរមានភាពឧស្សាហ៍ព្យាយាម ហើយសក្តានុពលកសិកម្មរបស់កម្ពុជាគឺមិនអន់ជាងគេឡើយ។

សូមជម្រាបថា រដូវកាលប្រមូលផលទុរេននៅក្រុងកំពង់សោមនឹងបន្តរហូតដល់ពាក់កណ្តាលខែទី៦។ បងប្អូនប្រជាពលរដ្ឋខ្មែរដែលចាប់អារម្មណ៍ចង់ទិញទុរេនស្រស់ៗពីចំការ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់ម្ចាស់ចំការតាមរយៈលេខទូរស័ព្ទ៖ 088 77 39 594។ ការគាំទ្រផលិតផលក្នុងស្រុក គឺជាការចូលរួមមួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍឈានទៅមុខជាលំដាប់៕

Share.