ម៉ែហុងសន៖ ករណីបាក់ដី និងធ្លាក់ផ្ទាំងថ្មដ៏ធំបិទផ្លូវជាតិលេខ ១០៨ នៅក្នុងស្រុក Khun Yuam កាលពីវេលាម៉ោង ៩:២០ព្រឹកថ្ងៃទី១ ខែមិថុនា នេះ បានធ្វើឱ្យកកស្ទះចរាចរណ៍ដោយរថយន្តជាច្រើនគ្រឿងត្រូវជាប់គាំង។ ហេតុការណ៍នេះមិនត្រឹមតែជាគ្រោះធម្មជាតិធម្មតានោះទេ ប៉ុន្តែវាកំពុងចោទជាសំណួរធំៗអំពីសមត្ថភាព និងការត្រៀមលក្ខណៈរបស់អាជ្ញាធរថៃ ក្នុងការដោះស្រាយវិបត្តិបន្ទាន់។

លោក យតភេត ខាំស៊ែងឌី (Yodphet Khamseangdi) ប្រធានការិល័យកាល័យផ្លូវលំម៉ែហុងសន បានទទួលរបាយការណ៍ថា មានផ្ទាំងថ្មធំៗបានបាក់ធ្លាក់បិទផ្លូវទាំងស្រុងនៅចន្លោះគីឡូម៉ែត្រលេខ ៣០១ ក្នុងខណ្ឌម៉ែសុរិន្ទ ដែលជាផ្លូវតភ្ជាប់រវាងភូមិបានហួយពង និងភូមិបានម៉ែសុរិន្ទ ធ្វើឱ្យគ្មានយានយន្តណាមួយអាចឆ្លងកាត់បានឡើយ។

ចំណុចគួរឱ្យរិះគន់បំផុតនៅក្នុងព្រឹត្តិការណ៍នេះ គឺបន្ទាប់ពីទទួលបានបញ្ជាឱ្យចុះអន្តរាគមន៍ ក្រុមការងារផ្លូវលំឃុនយួនបានបញ្ជាក់ថា៖ ផ្ទាំងថ្មទាំងនោះមានទំហំធំពេក ដែលឧបករណ៍ និងគ្រឿងចក្ររបស់រដ្ឋដែលមានស្រាប់ មិនអាចដោះស្រាយបានឡើយ។

អាជ្ញាធរត្រូវបង្ខំចិត្តរង់ចាំការសម្របសម្រួល ដើម្បីជួលគ្រឿងចក្រធុនធ្ងន់បន្ថែមពីវិស័យឯកជននៅក្នុងតំបន់មកជួយជំនួសវិញ។ ភាពយឺតយ៉ាវនៃប្រព័ន្ធរដ្ឋបាល និងកង្វះខាតគ្រឿងចក្រយុទ្ធសាស្ត្របែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរជាច្រើននាក់ត្រូវជាប់គាំងនៅនឹងកន្លែង ហាលថ្ងៃហាលខ្យល់រង់ចាំជំនួយ ខាតពេលវេលាធ្វើការរកស៊ីផ្សេងៗ។

ទោះបីជាបច្ចុប្បន្ន មានមន្ត្រីរដ្ឋបាលស្រុកឃុនយួន និងអង្គការរដ្ឋបាលខណ្ឌ បានចុះទៅសម្រួលចរាចរណ៍ និងជួយសង្គ្រោះបឋមក៏ដោយ ប៉ុន្តែការបណ្តោយឱ្យផ្លូវសេដ្ឋកិច្ច និងផ្លូវធ្វើដំណើរដ៏សំខាន់ត្រូវកាត់ផ្តាច់ ដោយសារតែខ្វះគ្រឿងចក្រធុនធ្ងន់របស់រដ្ឋ គឺជាចំណុចខ្សោយដ៏ធំមួយ។

អាជ្ញាធរថៃដឹងយ៉ាងច្បាស់ថា តំបន់ភាគខាងជើងជារឿយៗតែងតែជួបគ្រោះបាក់ដី និងបាក់ផ្ទាំងថ្មធំៗបែបនេះរៀងរាល់ឆ្នាំ ប៉ុន្តែការរៀបចំទុកជាមុននូវគ្រឿងចក្រ និងយុទ្ធសាស្ត្រឆ្លើយតបហាក់ដូចជា នៅមានកម្រិតទាបនៅឡើយ។ ប្រសិនបើប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយនៅតែដើរយឺតជាងល្បឿននៃគ្រោះធម្មជាតិបែបនេះ នោះសុវត្ថិភាពអាយុជីវិត និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនឹងនៅតែស្ថិតក្នុងហានិភ័យខ្ពស់ដដែល ទោះបីជាមានមេរៀនកន្លងមកជាច្រើនលើកច្រើនសារក៏ដោយ៕

ប្រភព៖ The Thaiger

Share.