សេអ៊ូល៖ អាជ្ញាធរពន្លត់អគ្គិភ័យក្នុងតំបន់បានរាយការណ៍ថា ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូង Hanwha Aerospace នាថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយបានបណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត និង ២នាក់ផ្សេងទៀតរងរបួស។

សោកនាដកម្មនេះត្រូវបានរាយការណ៍នៅវេលាម៉ោងប្រហែល ១១:០០ព្រឹក (ម៉ោងនៅក្នុងតំបន់) នៅឯរោងចក្ររបស់ក្រុមហ៊ុន Hanwha ក្នុងទីក្រុងដេជុន (Daejeon) ដែលមានចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងសេអ៊ូល។
តំណាងនៃទីស្នាក់ការកណ្តាលពន្លត់អគ្គិភ័យទីក្រុង Daejeon បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មនុស្សចំនួន ៥នាក់បានបាត់បង់ជីវិតភ្លាមៗ នៅឯកន្លែងកើតហេតុ ខណៈអ្នករស់រានមានជីវិត ២នាក់ផ្សេងទៀតបានរងរបួស ដោយម្នាក់ក្នុងចំណោមនោះបានរងរបួសរលាកស្បែកយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាអ្នករងរបួសទាំង ២នាក់ បានរត់ភៀសខ្លួនចេញពីអគារកើតហេតុដោយខ្លួនឯង មុនពេលកម្លាំងសង្គ្រោះទៅដល់។

មន្ត្រីសុខាភិបាលម្នាក់បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា រហូតមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់អាចកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតបាននៅឡើយទេ ដោយសារតែសាកសពពួកគេរងការឆាបឆេះធ្ងន់ធ្ងរ។
មន្ត្រីពន្លត់អគ្គិភ័យបានបន្តថា ហេតុការណ៍ផ្ទុះនេះបានបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមូលហេតុពិតប្រាកដនៃការផ្ទុះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។


ចំណុចគួរឱ្យកត់សម្គាល់មួយគឺ អាជ្ញាធរសង្គ្រោះមិនអាចទទួលបានប្លង់មេ ឬផែនទីសំណង់ផ្ទៃក្នុងរបស់រោងចក្រនោះឡើយ ដោយសារតែទីតាំងនេះត្រូវបានការពារយ៉ាងតឹងរ៉ឹងក្រោម «ច្បាប់សន្តិសុខជាតិ» របស់ប្រទេសកូរ៉េខាងត្បូង។
គួរជម្រាបថា ក្រុមហ៊ុន Hanwha Aerospace គឺជាក្រុមហ៊ុនផលិតគ្រឿងយុទ្ធោបករណ៍ការពារជាតិដ៏ធំមួយរបស់កូរ៉េខាងត្បូង ដែលផលិតអាវុធ ប្រព័ន្ធកាំភ្លើងធំ និងគ្រឿងបង្គុំអវកាស។ ដោយឡែក រោងចក្រនៅក្នុងទីក្រុង Daejeon នេះ គឺជាមជ្ឈមណ្ឌលផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) រួមទាំងបច្ចេកវិទ្យាអាវុធទំនើបៗ និងប្រព័ន្ធពាក់ព័ន្ធនឹងលំហអាកាស ព្រមទាំងជាកន្លែងផលិតម៉ាស៊ីនរុញច្រានខ្នាតធំ និងការចាត់ចែងសារធាតុរុញច្រានរ៉ុក្កែត (Rocket propellants) ផងដែរ៕

