សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថារាជរដ្ឋាភិបាល បានចាត់ទុកវិស័យអប់រំកាយ និងកីឡា ជា​ការងារគន្លឹះមួយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពីព្រោះដើម្បីក្លាយជាមូលធនធាន​មនុស្ស​ពិតប្រាកដ, ពលរដ្ឋត្រូវមានទាំងចំណេះដឹង ជំនាញ បទពិសោធ និងសុខភាព ដែលមិនអាចកាត់​ផ្តាច់ពីសកម្មភាពអប់រំកាយ និងកីឡា។

ការថ្លែរស់​សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើ​ឡើង​ក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់, សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូ​បង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចធិបតី បាន​បន្ថែម​ថា វិស័យអប់រំកាយ និងកីឡា បានក្លាយជា​វិស័យ​ឈានមុខមួយ និងទទួលបានការសាទរពីសាធារណជន ឆ្លុះបញ្ចាំងតាមរយៈការទទួលបានជ័យ​ជម្នះពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ព្រមទាំងការប្រកួត​កីឡាផ្សេងៗ ជាច្រើនទៀត។

ក្នុង​នោះ​ដែល សម្តេចធិបតី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ។ ផ្ទុយទៅវិញគម្រោងចំណាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យសង្គមកិច្ច ដែលរួមមានវិស័យអប់រំ និងសុខាភិបាលមានតែបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះការវិនិយោគដើម្បីពង្រឹងធនធានមនុស្សនៅតែជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល។

ព្រមជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីផែនការចំណាយរបស់​រាជរដ្ឋាភិបាលចំពោះវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច​ ថារាជរដ្ឋាភិបាលមិនមាន​ការ​កាត់ចំណាយលើវិស័យទាំងនេះ ដើម្បីទៅបង្កើនថវិកាសម្រាប់វិស័យ​ការពារជាតិនោះទេ។

ផែនការចំណាយរបស់វិស័យអប់រំ និងសុខាភិបាល បន្តកើនឡើងនៅឆ្នាំ២០២៦ និង​នៅឆ្នាំ២០២៧ ព្រមទាំងឆ្នាំ២០២៨ រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើនលើវិស័យ​ការពារជាតិ ដែលមិនប៉ះពាល់ដល់វិស័យអប់រំ និងសុខាភិបាលនោះទេ ព្រោះរាជរដ្ឋាភិបាល​នៅ​តែចាត់ទុកធនធានមនុស្ស គឺជាអាទិភាពនៃគោលនយោបាយជាតិ៕​

Share.