អតីតកីឡាករលីគកម្ពុជា ១រូបបានរក​គ្រាប់បាល់​ឱ្យជម្រើសជាតិទីម័រខាងកើត ឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ ជើងទី១ នៃការប្រកួតជើងឯកអាស៊ាន Asean Hyundai Cup ឆ្នាំ២០២៦ ដើម្បីរក១ក្រុមមកពូល A ជាមួយក្រុមជម្រើសជាតិកម្ពុជា។

ក្នុងចំណោមគ្រាប់ទាំង៣របស់ក្រុមជម្រើសជាតិទីម័រខាងកើត ដែលបានយកឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ ក្នុងនោះ​មាន១គ្រាប់ដែលកីឡាករ Zenivio ធ្លាប់ប្រកបអាជីពនៅលីគកំពូលកម្ពុជា រូបគេរកបាននៅនាទីទី៤៣ ដោយបាល់ពិន័យ ១១ម៉ែត្រ ខណៈគ្រាប់ដំបូងរកបានដោយកីឡាករ Rangel នៅនាទី២៧ និងគ្រាប់ចុងក្រោយរកបានដោយ Oatnasio Guterres នៅនាទី ៩០+២ ។

កីឡាករ Zenivio ជាអតីតកីឡាកររបស់ក្រុមគិរីវង់សុខសែនជ័យ សមាជិកលីគកំពូលកម្ពុជា ដោយរូបគេបានចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅខេត្តតាកែវមួយនោះ ចន្លោះឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បង្ហាញខ្លួនសរុប ២៥ប្រកួត និងរកបាន ៣គ្រាប់ មុនចាកចេញ។

ក្រោយចប់ជើងទី១នេះ គឺក្រុមជម្រើសជាតិ ប្រ៊ុយណា នឹងត្រូវហោះទៅប្រទេសទីម័រខាងកើត វិញម្តង ដើម្បីប្រកួតជើងទី២ នៅថ្ងៃទី៩ ខែមិថុនា ខាងមុខ ៕

Share.