ការហក់ឡើងយ៉ាងគំហើញនៃការនាំចូល ទុរេនម៉ាឡេស៊ីប្រភេទ Musang King និង ស្រាបៀរឡាវ Beerlao ចូលទៅក្នុងទីផ្សារប្រទេសចិន មិនមែនជារឿងចៃដន្យនោះទេ។ នេះគឺជាសញ្ញាណសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ចិន និងការបើកចំហរច្រកពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងចិន និងតំបន់អាស៊ាន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNA នាពេលថ្មីៗនេះ។

ទោះបីជាសេដ្ឋកិច្ចសកលមានការប្រែប្រួល ប៉ុន្តែទិន្នន័យបង្ហាញថា វណ្ណៈកណ្តាល និងអ្នកមានជីវភាពធូរធារនៅក្នុងប្រទេសចិន នៅតែមានកម្លាំងទិញខ្ពស់ទៅលើផលិតផលដែលពួកគេចាត់ទុកថា «មានគុណភាពខ្ពស់ និងប្លែកដាច់គេ»។ ទុរេន Musang King ត្រូវបានទីផ្សារចិនឱ្យរហ័សនាមថា ជា «ស្ដេចផ្លែឈើលំដាប់អភិជន» ដែលតំណាងឱ្យភាពស៊ីវិល័យ និងឧត្តមភាព។ រីឯស្រាបៀរឡាវ ដែលកំពុងវាយលុកទីផ្សារចិនក្នុងនាមជា «ស្រាបៀរដែលមានរសជាតិឯកទេសដាច់គេ» ដោយប្រើប្រាស់អង្ករសម្រូបផ្កាម្លិះ ដែលខុសប្លែកពីស្រាបៀរទូទៅនៅចិន។

អ្នកប្រើប្រាស់ទំនិញក្នុងប្រទេសចិនសម័យថ្មី មិនផ្តោតលើតម្លៃថោកនោះទេ ប៉ុន្តែពួកគេសុខចិត្តចំណាយថ្លៃដើម្បីទទួលបានបទពិសោធន៍ និងគុណភាពពិតប្រាកដ។ បើត្រឹមតែផលិតផលកសិកម្មស្រស់ និងភេសជ្ជៈ មិនអាចជោគជ័យបានឡើយ ប្រសិនបើគ្មានប្រព័ន្ធដឹកជញ្ជូនទាន់ពេល។ ភាពជោគជ័យនៃផលិតផលទាំងពីរនេះ គឺដោយសារការទាញយកផលប្រយោជន៍ពេញលេញពីហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។

ផ្លូវរថភ្លើង ឡាវ-ចិន បានក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ប្តូរការដឹកជញ្ជូនស្រាបៀរឡាវពីផ្លូវកាត់តាមភ្នំដ៏យូរ មកជាការដឹកជញ្ជូនតាមផ្លូវល្បឿនលឿនត្រង់ទៅកាន់ខេត្តយូណាន ក្នុងតម្លៃទាប និងលឿនបំផុត។
ចំពោះខ្សែសង្វាក់ត្រជាក់តាមអាកាស បានអនុញ្ញាតឱ្យម៉ាឡេស៊ីនាំចេញទុរេនស្រស់ និងបានបើកផ្លូវឱ្យប្រព័ន្ធដឹកជញ្ជូនតាមយន្តហោះ អាចដឹកទុរេនពីចម្ការទៅដល់ដៃអ្នកទិញនៅចិនក្នុងរង្វង់ ២៤ ទៅ ៤៨ ម៉ោង ដែលរក្សាបាននូវតម្លៃសេដ្ឋកិច្ចខ្ពស់ជាងទុរេនក្លាសេ។

សូមជម្រាបថា ការនាំចេញទុរេនម៉ាឡេស៊ីទៅចិនមានសន្ទុះកើនឡើងចន្លោះពី ១៥% ទៅ ២០% ដែលជំរុញដោយអ្នកទិញចិនដែលស្វែងរកផ្លែឈើស្រស់កម្រិតខ្ពស់។ វត្តមានពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន បានកំពុងជួយពង្រីកការផ្សព្វផ្សាយស្រាបៀរឡាវ រហូតដណ្តើមបានចំណែកទីផ្សារយ៉ាងសន្ធឹកសន្ធាប់ក្នុងចំណោមស្រាបៀរបរទេសនៅប្រទេសចិន ផងដែរ៕

Share.