ចិន៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ លើការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យពន្ធនាគារ នៅទីស្នាក់ការក្រុមហ៊ុន China-ASEAN Information Harbor ស្ថិតក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

ដំណើរទស្សនកិច្ចសិក្សានេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ អំពីការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធ «ពន្ធនាគារឆ្លាតវៃ» (Smart Prison) ដែលជាការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង ទិន្នន័យ និងសន្តិសុខ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឈានមុខ។




នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារយ៉ាងយកចិត្តទុកដាក់ ជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញការផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន China-ASEAN Information Harbor ដោយផ្តោតលើឱកាសក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការពង្រឹងការងារសន្តិសុខ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងពន្ធនាគារ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។


កិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍លំដាប់អន្តរជាតិនេះ គឺធ្វើឡើងដើម្បីយកមកបំពេញបន្ថែម និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងការកែទម្រង់ប្រព័ន្ធការងារសន្តិសុខសាធារណៈឱ្យកាន់តែមានសក្តានុពល និងឆ្លើយតបទាន់ពេលវេលា៕
អត្ថបទ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

