ក្រោយ​ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន​ ម៉ាណែត បានថ្លែងការណ៍ស្ដីពីជំហរឥតងាករេរបស់​កម្ពុជាពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ដែនសមុទ្រត្រួតស៊ីគ្នាជាមួយនឹង​ប្រទេសថៃ ដោយ​បាន​ផ្ញើ​លិខិត​ជូន​ភាគីថៃ និង​អគ្គលេខាធិការអង្គការសហប្រជាជាតិ​ដើម្បី​ឱ្យចាប់ផ្ដើមដំណើរការ​យន្តការផ្សះផ្សារដោយបង្ខំ ធ្វើ​ឱ្យ​រង្គើដល់​ក្រុង​បាងកក រហូត​មានបណ្ដាញសារព័ត៌មាន​ជា​ច្រើន​បាន​ចោមរោម​ចាំ​សម្ភាសន៍​នាយករដ្ឋមន្ត្រីថៃ​​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​អនុទិន​ទីន​ ឆាន់វីរគុល ​នៅវិមានរដ្ឋាភិបាល ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ កន្លងទៅ។

ជាការ​ឆ្លើយតប នាយករដ្ឋមន្ត្រី​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា ប្រទេសថៃមិនមានតម្រូវការក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រ ឬ “ឆ្លើយតបត” ទៅនឹងចំណាត់ការផ្លូវច្បាប់អន្តរជាតិរបស់កម្ពុជានោះទេ បន្ទាប់ពីទីក្រុងភ្នំពេញបានជូនដំណឹងទៅកាន់អង្គការសហប្រជាជាតិ (UN) និងទីក្រុងបាងកក អំពីការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ជុំវិញការទាមទារដែនសមុទ្រដែលកំពុងមានជម្លោះនៅក្នុងឈូងសមុទ្រថៃ ក្រោយពេលដែលថៃបានលុបចោល MOU ឆ្នាំ២០០១។ នេះបើយោងតាមការផ្សាយ​ដោយ​កាសែត The Nation Thailand។

លោក អានុទិន បានមានលើកឡើងថា «លោកមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការអំពីចំណាត់ការចុងក្រោយរបស់កម្ពុជានៅឡើយទេ ហើយក៏មិនបានដឹងថាមានបញ្ហាថ្មីណាមួយកើតឡើងនោះដែរ។»

លោក អនុទិន បានបន្តថា ថៃបានជម្រាបជូនថ្នាក់ដឹកនាំកម្ពុជារួចរាល់ហើយអំពីជំហររបស់ខ្លួនចំពោះ MOU44 ក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេសហ្វីលីពីន ដោយលោកបានបន្ថែមថា ភាគីកម្ពុជាបានទទួលដឹងឮពីបញ្ហានេះ និងបានសម្តែងការខកចិត្ត។

ក្រោយមក កម្ពុជាបានបង្ហាញសញ្ញាថានឹងបន្តនីតិវិធីក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ទោះបីជាលោក អានុទិន បានបញ្ជាក់ថា មិនទាន់មានការកំណត់ពេលវេលាសម្រាប់ជំហានបន្ទាប់ក៏ដោយ។

កម្ពុជាបានចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំ ដែលគាំទ្រដោយអង្គការសហប្រជាជាតិជាផ្លូវការក្រោមអនុសញ្ញា UNCLOS បន្ទាប់ពីប្រទេសថៃបានបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ដែលអនុស្សរណៈនេះធ្លាប់ជាក្របខ័ណ្ឌសម្រាប់ការចរចាលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នារបស់ប្រទេសទាំងពីរនៅក្នុងឈូងសមុទ្រថៃ។

យ៉ាងណាមិញ​ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើការបញ្ចប់ MOU ឆ្នាំ ២០០១ នេះកាលពីថ្ងៃទី ៥ ខែឧសភា ដោយលើកឡើងថា កិច្ចព្រមព្រៀងនេះមិនមានវឌ្ឍនភាពអ្វីទាល់តែសោះក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ហើយប្រទេសថៃនឹងប្រើប្រាស់ UNCLOS ធ្វើជាក្របខ័ណ្ឌយោងសម្រាប់ការចរចានៅពេលអនាគតជំនួសវិញ។

នៅពេលត្រូវបានសួរថាតើប្រទេសថៃកំពុងត្រូវបានគេមើលឃើញថា និយាយរឿងមួយជាសាធារណៈ ប៉ុន្តែបែរជាធ្វើរឿងមួយផ្សេងទៀតនៅពីក្រោយខ្នងដែរឬទេ លោក អានុទិន បានសួរអ្នកយកព័ត៌មានវិញថា៖ «តើនរណាជាអ្នកមើលឃើញបែបហ្នឹង?»

លោកបានឆ្លើយតបថា លោកមិនបានមើលឃើញស្ថានភាពក្នុងរូបភាពបែបនោះទេ ដោយទទូចថាជំហររបស់ប្រទេសថៃនៅតែមានភាពស៊ីសង្វាក់គ្នាយ៉ាងច្បាស់លាស់។

ចំពោះក្តីបារម្ភរបស់សាធារណជនដែលថា ជំហររបស់ថៃនៅលើឆាកអន្តរជាតិហាក់ដូចជាខុសប្លែកពីយុទ្ធសាស្ត្រជាក់ស្តែងនោះ លោក អានុទិន បានអះអាងថា ប្រទេសថៃនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍របស់ខ្លួន ហើយមិនបានដើរជំហានណាមួយដែលធ្វើឱ្យប្រទេសខាតបង់ប្រយោជន៍នោះឡើយ។

លោកបាននិយាយថា៖ «ថៃនៅតែឈរលើគោលការណ៍ផ្ទាល់ខ្លួន ហើយមិនទាន់មានចំណុចណាមួយដែលធ្វើឱ្យប្រទេសជាតិត្រូវធ្លាក់ក្នុងស្ថានភាពចាញ់ប្រៀបនោះទេ»

ប៉ុន្តែ​អ្វីដែល​យើង​អាច​មើល​ឃើញគឺ លោក អនុទិន បាន​ព្យាយាម​និយាយ​បង្វែរសាច់រឿង​ ដោយ​បាន​ព្យាយាម​យក​ករណី​បើកបិទ ព្រំដែនជាមួយ​នឹង​ប្រទេសកម្ពុជា មក​បន្ធូរបន្ថយស្ថានការណ៍និង​ការចាប់អារម្មណ៍របស់អ្នក​សារព័ត៌មានថៃ​ ដោយ​បាន​ព្យាយាម​លើកឡើង​ជាដដែល​ថា​ ព័ត៌មាន​ដែល​កំពុងផ្ទុះ​នៅ​ប្រទេស​ថៃរឿង​បើក​ច្រក​ព្រំដែនជាមួយ​នឹង​ប្រទេសកម្ពុជា គឺជាព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ។

យ៉ាងណាមិញ នៅពេលអ្នកសារព័ត៌មានសួរថាតើរដ្ឋភិបាលថៃចាំបាច់ត្រូវឆ្លើយតបទៅនឹងការបង្កើនការចូលរួមរបស់កម្ពុជាជាមួយសហគមន៍អន្តរជាតិដែរឬទេ លោក អានុទិន បានឆ្លើយតបថា៖ «ហេតុអ្វីបានជាយើងត្រូវឆ្លើយតបត?»

ជាការកត់សម្គាល់ អនុទិន នៅតែព្យាយាមដើរតាមដានចាស់ គឺយកចិត្ត​ក្រុមអភិរក្សនិយម និង​កម្លាំងយោធាថៃ ដោយបាន​គូសបញ្ជាក់ថា​ ប្រទេសថៃនឹងបន្តដំណើរការតាមផ្លូវរបស់ខ្លួន ដោយស្តាប់មតិសាធារណៈ និងព្យាយាមធ្វើសកម្មភាពឱ្យស្របតាមបំណងប្រាថ្នារបស់ប្រជាជនថៃឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដោយធានាថាឋានៈរបស់ប្រទេសនៅលើឆាកអន្តរជាតិមិនត្រូវបានខូចខាត។

នេះ វាគ្រាន់តែជា​ការ​ឆ្លើយតបបែបដោះទាល់ និង​យករួចខ្លួនមួយគ្រាៗរបស់​លោក អនុទិន នៅចំពោះ​មុខអ្នក​សារព័ត៌មានថៃ មក​ពីគ្រប់​ស្ថាប័ន​ប៉ុណ្ណោះ ព្រោះ​កន្លងមក​ នាយករដ្ឋមន្ត្រីរូប​នេះ​ រមែង​ប្រើវិធីសាស្ត្រ​បែបនេះដើម្បីរំដោះខ្លួន​ពី​សំនួរចាក់ដោត និងស៊ីជម្រៅ​ពី​បណ្ដាអ្នក​សារព័ត៌មាន​ថៃ ដែល​មក​ប្រមូលផ្ដុំ​គ្នាដើម្បីចង់ដឹងពីជំហរ ទិសដៅ និង​យុទ្ធសាស្ត្ររបស់​រដ្ឋាភិបា​លជុំវិញ​បញ្ហាជំលោះព្រំដែនជាមួយនឹង​ប្រទេសកម្ពុជា៕

Share.