ព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បញ្ជាក់ថា ករណីដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការចាប់ជំរិតកុមារនៅស្រុកមេសាង ខេត្តព្រៃវែង គឺមិនមែនជាការពិតនោះទេ ក្រោយពីសមត្ថកិច្ចបានចុះស្រាវជ្រាវ និងពិនិត្យជាក់ស្តែង។

តាមសេចក្តីបំភ្លឺបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកមួយឈ្មោះ ពូពៅជាងសំណង់ បានបង្ហោះថា មានករណីចាប់ក្មេងសិស្សសាលានៅកបែរភ្ទះខ្ញុំ ក្នុងភូមិបឹងអន្ទង់ ឃុំស្វាយជ្រុំ ស្រុកមេសាង ដែលបង្កឱ្យមានការចែករំលែក និងការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋជាច្រើន។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកអធិការនគរបាលស្រុកមេសាង បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការស្រាវជ្រាវ និងសាកសួរកុមារដែលត្រូវបានអះអាងថាជាជនរងគ្រោះ។ លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា កុមាររូបនោះគ្រាន់តែបានឃើញរថយន្តមួយគ្រឿងឈប់សួរនាំប៉ុណ្ណោះ ហើយដោយសារភ័យខ្លាច ក៏បានរត់ចូលផ្ទះអ្នកជិតខាង។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានអះអាងថា មិនបានឃើញរថយន្តដូចការរៀបរាប់នោះឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា មិនមានភស្តុតាងណាបង្ហាញពីសកម្មភាពប៉ុនប៉ងចាប់ជំរិតកុមារដូចការចោទប្រកាន់នៅលើបណ្តាញសង្គមនោះទេ ហើយករណីនេះកើតចេញពីការយល់ច្រឡំ និងការចែកចាយព័ត៌មានមិនទាន់បានផ្ទៀងផ្ទាត់។ ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះព័ត៌មានខាងលើ បានទទួលស្គាល់កំហុស និងលុបខ្លឹមសារចេញវិញ ខណៈសមត្ថកិច្ចបានធ្វើការអប់រំ និងណែនាំឱ្យមានការប្រុងប្រយ័ត្នក្នុងការចែកចាយព័ត៌មាន ដើម្បីជៀសវាងការបង្កការភាន់ច្រឡំ និងប៉ះពាល់ដល់សន្តិសុខសង្គម៕

អត្ថបទ÷ចតុម្មុខ

Share.