ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៨២ទីតាំង នៅទូទាំងខណ្ឌទាំង ១៤ ដោយបានរកឃើញជនបរទេសស្នាក់នៅសរុប ៤៧៨នាក់ ប៉ុន្តែមិនបានប្រទះឃើញសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនោះទេ។




ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយកម្លាំងជំនាញបានចុះត្រួតពិនិត្យតាមអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ដែលត្រូវបានកំណត់ជាទីតាំងសង្ស័យ។




លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងចំណោមជនបរទេសទាំង ៤៧៨នាក់ មានស្ត្រី ១៤២នាក់ និងមានជនបរទេសចំនួន ១០នាក់ ពុំមានលិខិតឆ្លងដែនត្រឹមត្រូវ។
ក្រៅពីការត្រួតពិនិត្យ និងស្វែងរកបទល្មើស Online Scams ក្រុមការងារក៏បានផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ។




ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យលើម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមិនអនុវត្តតាមអនុក្រឹត្យលេខ ០៣ ដោយផាកពិន័យចំនួន ៣ទីតាំង ពាក់ព័ន្ធមនុស្ស ៥នាក់ សរុបជាទឹកប្រាក់ ២០លានរៀល។



រដ្ឋបាលរាជធានីភ្នំពេញបានអះអាងថា នឹងបន្តជំរុញការចុះត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព៕




អត្ថបទ÷ចតុម្មុខ

