ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអង្គការ APLE Cambodia បានរៀបចំកិច្ចពិភាក្សាតុមូលរយៈពេលមួយថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ (OCSEA) ព្រមទាំងលើកកម្ពស់ការគាំពារ និងជួយជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

តាមរយៈការចែករំលែកករណីសិក្សា បទពិសោធន៍ជាក់ស្តែង និងនិន្នាការថ្មីៗពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអនឡាញ អ្នកចូលរួមបានពិភាក្សាអំពីបញ្ហាប្រឈម និងកំណត់អនុសាសន៍សំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបរួម ការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះឱ្យបានទាន់ពេលវេលា និងស្របតាមឧត្តមប្រយោជន៍របស់កុមារ។

កិច្ចពិភាក្សានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តមួយចំនួន ព្រមទាំងតំណាងអយ្យការ អង្គការនគរបាលអន្តរជាតិ INTERPOL ប្រចាំកម្ពុជា និងមន្ត្រីជំនាញមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

អង្គការ APLE Cambodia បានបញ្ជាក់ថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល កងកម្លាំងអនុវត្តច្បាប់ និងដៃគូជាតិ-អន្តរជាតិ ដើម្បីពង្រឹងការបង្ការ ស្រាវជ្រាវ និងឆ្លើយតបចំពោះអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ៕

អត្ថបទ៖កណ្តាល

Share.