ភ្នំពេញ៖ តាមក្រសួងការពារជាតិកម្ពុជាបានប្រកាសថា ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម HAYASHI Teiji ឯកអគ្គរាជទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន។

ជំនួបនេះធ្វើឡើងក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ជំនួសឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស្និទ្ធស្នាលលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងកម្ពុជា និងជប៉ុន ព្រមទាំងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូឱ្យកាន់តែរឹងមាំថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម រ៉ាត់ ដារ៉ារ័ត្ន បានជម្រាបជូនឯកឧត្តម HAYASHI Teiji អំពីស្ថានការណ៍ទូទៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានសម្តែងនូវការថ្លែងអំណរគុណចំពោះភាគីជប៉ុន ដែលតែងតែអញ្ជើញចូលរួមក្នុងការបំពេញបេសកកម្មរបស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ស្ថានការណ៍នៃការគោរព និងអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។
ជាការឆ្លើយតប ឯកឧត្តម HAYASHI Teiji បានបញ្ជាក់អំពីឆន្ទៈរបស់រដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រកិច្ចប្រឹងប្រែងដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី ព្រមទាំងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ វិលត្រឡប់មករកភាពប្រក្រតីឡើងវិញ។
សូមជម្រាបថា ក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះបានឆ្លុះបញ្ចាំងពីភាពជឿជាក់ និងការគាំទ្រគ្នាទៅវិញទៅមករវាងកម្ពុជា និងជប៉ុន ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់៕

