តាមសារព័ត៌មាន PEOPLE និង TMZ បានចេញផ្សាយនាពេលថ្មីៗនេះឱ្យដឹងថា លោក Maddox ដែលកូនប្រុសច្បងរបស់កំពូលតារាសម្តែងហូលីវូដ Angelina Jolie និង Brad Pitt បានដាក់ពាក្យស្នើសុំទៅតុលាការជាផ្លូវការ ដើម្បីលុបត្រកូល «Pitt» ចេញពីឈ្មោះរបស់ខ្លួន ដោយប្តូរមកប្រើប្រាស់ត្រកូលម្ដាយ «Jolie» តែមួយគត់។

សារព័ត៌មាន TMZ បានផ្សាយថា កូនចិញ្ចឹមជនជាតិខ្មែរវ័យ ២៤ ឆ្នាំរូបនេះ បានដាក់ឯកសារផ្លូវការដើម្បីបន្តនិីតិវិធីផ្លាស់ប្តូរឈ្មោះខ្លួនដោយគ្មានត្រកូលឪពុកដូចពីមុន។ ប្រសិនបើការស្នើសុំនេះត្រូវបានអនុញ្ញាត ឈ្មោះពេញផ្លូវការរបស់រូបគេនឹងត្រូវប្តូរពី Maddox Chivan Jolie-Pitt មកត្រឹមជា Maddox Chivan Jolie វិញ។ ទោះជាយ៉ាងណា បច្ចុប្បន្នតុលាការអាមេរិកនៅមិនទាន់សម្រេចអនុម័តលើសំណើនេះនៅឡើយទេ។
ពាក់ព័ន្ធនឹងករណីនេះ តំណាងរបស់លោក Brad Pitt បានថ្លែងប្រាប់សារព័ត៌មាន PEOPLE ថា ពួកគេនឹងមិនធ្វើការអត្ថាធិប្បាយណាមួយឡើយ ខណៈតំណាងខាងអ្នកស្រី Angelina Jolie ក៏មិនទាន់មានការឆ្លើយតបជុំវិញរឿងរ៉ាវនេះដែរ។ សារព័ត៌មាន PEOPLE និយាយទៀតថា ការដាក់ពាក្យសុំប្តូរឈ្មោះតាមផ្លូវច្បាប់របស់ Maddox បានធ្វើឡើងបន្ទាប់ពីសាមីខ្លួនបានលុបត្រកូល «Pitt» ចេញពីឈ្មោះក្នុងបញ្ជីផលិតករវណ្ណកម្មភាពយន្តចុងក្រោយរបស់ម្តាយគេក្នុងរឿង “Couture”។
នៅក្នុងខ្សែភាពយន្តភាគរឿងភាគនេះ Maddox បានចូលរួមធ្វើជាជំនួយការដឹកនាំរឿង ហើយឈ្មោះរបស់គេត្រូវបានដាក់ថា «Maddox Jolie» នៅក្នុងបញ្ជីរាយនាមចុងបញ្ចប់នៃរឿង និងនៅក្នុងឯកសារណែនាំភាពយន្តដែលផ្ដល់សម្រាប់អ្នកសារព័ត៌មានក្នុងមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូ (TIFF) កាលពីខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។ ចំណាត់ការនេះមានភាពខុសប្លែកពីកាលពីឆ្នាំ ២០២៤ ដែលរូបគេបានជួយការងារម្តាយក្នុងរឿង “Maria” ចាក់ផ្សាយលើ Netflix ដោយកាលនោះគេនៅប្រើប្រាស់ឈ្មោះ «Maddox Jolie-Pitt» នៅឡើយ។
សូមរំលឹកថា Maddox គឺជាកូនច្បងក្នុងចំណោមកូនទាំង ៦ នាក់របស់អតីតប្តីប្រពន្ធលំដាប់តារាហូលីវូត ដែលបានលែងលះគ្នាកាលពីឆ្នាំ ២០១៦។ Maddox ដែលត្រូវបានអ្នកស្រី Jolie យកមកចិញ្ចឹមជាកូនប្រុសច្បងកាលពីឆ្នាំ ២០០២ ។ ការកាត់ត្រកូលឪពុកចេញបញ្ជីបែបនេះ ច្បាស់ណាស់ថា កូនៗរបស់អតីតប្តីប្រពន្ធហូលីវូដមួយគូនេះ កំពុងតែជ្រើសរើសយកការឈរជើងនៅខាងអ្នកស្រី Angelina Jolie ទាំងការរស់នៅ និងការប្រកបអាជីពក្នុងសង្គម៕

