ភ្នំពេញ៖ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ ចាប់ពីខែមករា ដល់ខែឧសភា ក្រសួងបរិស្ថានបានពង្រឹងការអនុវត្តច្បាប់ និងការពារធនធានធម្មជាតិនៅទូទាំងប្រទេស ដោយបានចុះល្បាតសរុបចំនួន ៥,៣៣៨លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី ខណៈជនសង្ស័យចំនួន ៤៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បទល្មើសដែលត្រូវបានបង្ក្រាបរួមមាន បទល្មើសព្រៃឈើ ២៩៣ករណី បទល្មើសសត្វព្រៃ ២២៦ករណី ករណីកាប់រុករានទន្ទ្រានដីរដ្ឋ ២៤២ករណី បទល្មើសនេសាទ ១២៦ករណី និងបទល្មើសធនធានរ៉ែ ៩ករណី។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រុមការងារបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៦៨សំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន ៤៣នាក់។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានដកហូតមធ្យោបាយប្រព្រឹត្តបទល្មើសជាច្រើន រួមមាន រណាយន្ត ២២៨គ្រឿង គោយន្ត ១៨គ្រឿង ម៉ូតូ ៣៣គ្រឿង និងគ្រឿងយន្តផ្សេងៗទៀត។

ក្រៅពីនេះ ក្រុមការងារក៏បានចាប់យកវត្ថុតាងជាច្រើនដូចជា កាំភ្លើងកែច្នៃ ៨៦ដើម អាវុធ ៤ដើម គ្រាប់កាំភ្លើងសរុប ៦៦គ្រាប់ អន្ទាក់ឆក់ប្រវែង ១,២២៥ម៉ែត្រ និងអន្ទាក់ខ្សែចំនួន ១១,២២០ខ្សែ។

ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២៦ តែមួយ មន្ត្រីឧទ្យានុរក្សបានចុះល្បាតចំនួន ១,២៩០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ១៧៨ករណី ក្នុងនោះមានបទល្មើសព្រៃឈើ ៦៥ករណី បទល្មើសសត្វព្រៃ ៤៤ករណី ករណីទន្ទ្រានដីរដ្ឋ ៤៤ករណី បទល្មើសនេសាទ ២៤ករណី និងបទល្មើសធនធានរ៉ែ ១ករណី។

ក្រសួងបរិស្ថានបានបញ្ជាក់ថា នឹងបន្តពង្រឹងការល្បាត ការពារព្រៃឈើ និងសត្វព្រៃនៅតំបន់ការពារធម្មជាតិទាំង ៧៣កន្លែង ព្រមទាំងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អង្គភាពប្រឆាំងអំពើពុករលួយ និងសហគមន៍មូលដ្ឋាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ធានាការអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព៕

Share.