អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គណបក្សនយោបាយនៅកម្ពុជាដែលរំលោភបំពានដោយស្ថិតក្រោមការបង្គាប់បញ្ជា ឬទទួលជំនួយហិរញ្ញវត្ថុពីបរទេស នឹងត្រូវប្រឈមមុខនឹងការផ្អាកសកម្មភាពបណ្តោះអាសន្ន ឬឈានទៅដល់ការ «រំលាយចោល» តែម្តង។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ អំពីគម្រោងសម្ងាត់របស់អង្គការអាមេរិកមួយ ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុដើម្បីបង្រួបបង្រួមបក្សប្រឆាំងនៅកម្ពុជា។

ពាក់ព័ន្ធទៅនឹងទំនាក់ទំនងអន្តរជាតិរបស់គណបក្សនយោបាយវិញ ជាទូទៅគឺមិនបានហាមប្រាមទេ ឱ្យតែទំនាក់ទំនងនោះជាទំនាក់ទំនងធម្មតាសង្គមទូទៅ កុំឱ្យតែស៊ីជម្រៅរហូតត្រូវរកឃើញថា ស្ថិតនៅក្រោមការបង្គាប់បញ្ជា ស្ថិតនៅក្រោមចំណុះ ឬក៏មានគណបក្សនយោបាយបរទេស រដ្ឋាភិបាលបរទេស ឬក៏តួអង្គបរទេសណាមួយ ផ្គត់ផ្គង់ហិរញ្ញវត្ថុ ផ្តល់វិភាគទាន កញ្ចប់ថវិកា ឬក៏មូលនិធិ ឱ្យគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពនយោបាយរបស់ខ្លួន ដែលទង្វើនេះគឺផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយ រដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗដទៃទៀត។

នេះជាការពន្យល់បន្ថែមរបស់លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីអង្គភាពអ្នកនាំពាក្យក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹងមួយ ដោយប្រតិកម្មតបនឹងការចុះផ្សាយរបស់សារព័ត៌មាន The Sunday Guardian កាលពីពេលកន្លងទៅថ្មីៗនេះ អំពីការផ្ដល់វិភាគទានពីភាគីបរទេស ឱ្យគណបក្សនយោបាយមួយចំនួននៅកម្ពុជា រួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៨។

ក្នុងការបកស្រាយពន្យល់នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងថា នៅក្នុងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងយ៉ាងច្បាស់ថា គ្រប់គណបក្សនយោបាយមិនត្រូវស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេស ឬរបស់រដ្ឋាភិបាលបរទេសឡើយ។ បទប្បញ្ញត្តិនេះធ្វើឡើងដើម្បីការពារ «ភាពជាម្ចាស់ការ» និងធានាថា រាល់ការសម្រេចចិត្តនយោបាយទាំងអស់គឺធ្វើឡើងដើម្បីផលប្រយោជន៍របស់ប្រជាជាតិកម្ពុជាផ្ទាល់ មិនមែនធ្វើឡើងតាមការបង្គាប់បញ្ជាពីខាងក្រៅនោះទេ។

ទន្ទឹមនឹងនេះ មាត្រា ២៩ ថ្មី ក៏បានដាក់ទម្ងន់បន្ថែមទៅលើផ្នែកហិរញ្ញវត្ថុ ដោយហាមឃាត់ដាច់ខាតមិនឱ្យគណបក្សនយោបាយទទួលវិភាគទាន ហិរញ្ញវត្ថុ កញ្ចប់ថវិកា លុយកាក់ ឬមូលនិធិ ទោះក្នុងរូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស។

លោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ដោយផ្អែកលើវិធានការផ្លូវច្បាប់ថា ចំពោះគណបក្សនយោបាយណាដែលរំលោភបំពានលើបម្រាមទាំងនេះ នឹងត្រូវប្រឈមមុខនឹងវិធានការតឹងរឹងពីក្រសួងមហាផ្ទៃ និងប្រព័ន្ធតុលាការ។ តាមរយៈមាត្រា ៤០ ថ្មី ការទទួលវិភាគទានខុសច្បាប់ពីបរទេសនឹងត្រូវរងការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ រហូតដល់ការផ្អាកសកម្មភាពបណ្តោះអាសន្ន។ លោកបញ្ជាក់បន្ថែមថា ជាងនេះទៅទៀត យោងតាមមាត្រា ៤៤ ថ្មី ក្នុងករណីរកឃើញថា គណបក្សនយោបាយមានកំហុសធ្ងន់ធ្ងរ ដោយស្ថិតក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់បរទេស តុលាការកំពូលមានសមត្ថកិច្ចសម្រេចផ្អាកសកម្មភាពគណបក្សនោះរហូតដល់ ៥ ឆ្នាំ ឬឈានទៅដល់ការរំលាយគណបក្សចោល តែម្ដង ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗទៀតឡើយ។

បើតាមលោកបណ្ឌិត ទូច សុឃៈ ការការពារឯករាជ្យ និងអធិបតេយ្យភាពជាតិ គឺជាមូលហេតុចម្បងដែលនាំឱ្យមានការបង្កើតច្បាប់នេះឡើង។ ប្រសិនបើគណបក្សនយោបាយមួយរស់ដោយសារដង្ហើមហិរញ្ញវត្ថុបរទេស ឬធ្វើសកម្មភាពតាមការបង្គាប់បញ្ជារបស់បរទេស នោះឯករាជ្យភាពរបស់គណបក្សនឹងត្រូវបាត់បង់។ ប្រសិនបើគណបក្សនោះឈានទៅដល់ការដឹកនាំប្រទេស ពួកគេអាចនឹងធ្វើតាមតម្រូវការរបស់តួអង្គបរទេស ដែលជាហេតុនាំឱ្យប៉ះពាល់ដល់ស្ថិរភាពជាតិ អធិបតេយ្យភាព និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់បរទេស ដែលផ្ទុយស្រឡះពីគោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។

សូមរំឭកថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងមួយ ប្រតិកម្មតបនឹងការចុះផ្សាយរបស់សារព័ត៌មាន The Sunday Guardian កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ដោយលើកឡើងអំពីការផ្ដល់វិភាគទានពីភាគីបរទេស ឱ្យគណបក្សនយោបាយមួយចំនួននៅកម្ពុជា រួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៨។ ប្រសិនបើការផ្សព្វផ្សាយព័ត៌មាននេះគឺជាការពិត ក្រសួងមហាផ្ទៃបានរំលឹកគណបក្សនយោបាយទាំងអស់ថា រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មាន The Sunday Guardian បានចុះផ្សាយអត្ថបទព័ត៌មានមួយក្រោមចំណងជើងថា៖ “U.S. backs plan to strengthen Cambodian opposition” (សហរដ្ឋអាមេរិកគាំទ្រផែនការក្នុងការពង្រឹងចលនាប្រឆាំងនៅកម្ពុជា)។ សារព័ត៌មាននេះបានទម្លាយគម្រោងសម្ងាត់មួយ ដោយបង្ហាញថា អង្គការ NED (National Endowment for Democracy) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន គ្រោងផ្ដល់មូលនិធិអន្តរជាតិចំនួន ២ លានដុល្លារអាមេរិក ក្នុងគោលបំណងពង្រឹងចលនាបក្សប្រឆាំងនៅកម្ពុជា រួមទាំងការស្វែងរកលទ្ធភាពក្នុងការរួមបញ្ចូលគ្នានៃគណបក្សចំនួន៥ ឱ្យទៅជាស្ថាប័ននយោបាយតែមួយ មុនពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (បោះឆ្នោតសកល) ឆ្នាំ២០២៨ ឈានចូលមកដល់។

គម្រោងនេះមានឈ្មោះថា «គម្រោងសម្រាប់ការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការប្រកួតប្រជែងការបោះឆ្នោតនៅកម្ពុជា» (Project for Democratic Revitalization and Electoral Competitiveness in Cambodia) បានស្នើឡើងនូវកម្មវិធីរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ក្នុងគោលដៅកែលម្អកិច្ចសហការសម្របសម្រួលក្នុងចំណោមគណបក្សប្រឆាំង និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងការបោះឆ្នោតរបស់ពួកគេ។ សារព័ត៌មានខាងលើបញ្ជាក់ថា ថវិកាជំនួយនេះ នឹងត្រូវធ្វើឡើងតាមរយៈវិទ្យាស្ថានស្នូលណាមួយរបស់ NED ពោលគឺអាចជា វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (International Republican Institute – IRI)៕

Share.