សៀមរាប៖ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន (DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការធ្វើបរិវត្តកម្មឌីជីថល និងការបង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនាថ្ងៃទី២៤ខែមិថុនាឆ្នំាំ២០២៦ នៅសណ្ឋាគារ សុខាសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ថ្នាក់ដឹកនាំក្រសួង តំណាងស្ថានទូត ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើននាក់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានអង្គប្រជុំ បានលើកឡើងថា វេទិកា DGICM ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនា ការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលគោលនយោបាយរវាងបណ្តាប្រទេសអាស៊ាន ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពក្នុងតំបន់។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេល៣០ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍អាស៊ាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ ការជួញដូរមនុស្ស ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ ខណៈកម្ពុជាក៏មានមោទនភាពដែលបានទទួលការជឿទុកចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏សំខាន់នេះជាលើកទី៣ បន្ទាប់ពីឆ្នាំ២០០៥ និងឆ្នាំ២០១៥។

សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជាបានកំណត់ប្រធានបទ «ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ធនធានមនុស្ស ឆ្ពោះទៅកាន់តំបន់អាស៊ានដែលមានសុវត្ថិភាព និងសមាហរណកម្ម» ដែលឆ្លុះបញ្ចាំងពីតម្រូវការចាំបាច់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីគ្រប់គ្រងចលនាបំលាស់ទីមនុស្ស និងឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ ជាពិសេសបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងបង្កការគំរាមកំហែងដល់ប្រទេសជាច្រើនក្នុងតំបន់។

ឯកឧត្តម សុខ វាសនា បានគូសបញ្ជាក់ថា ការសម្រេចបាននូវគោលដៅនេះ ត្រូវផ្អែកលើការអភិវឌ្ឍប្រព័ន្ធអន្តោប្រវេសន៍ឌីជីថល ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការត្រួតពិនិត្យព្រំដែន ការកសាងច្រកទ្វារឆ្លាតវៃ (Smart Gates) ការពង្រឹងយន្តការចែករំលែកព័ត៌មានរវាងប្រទេសសមាជិក និងការអភិវឌ្ឍធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ ស្របតាមការវិវត្តនៃបច្ចេកវិទ្យាសម័យថ្មី។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវដល់បណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូពិគ្រោះយោបល់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម ដើម្បីសម្រេចចក្ខុវិស័យរួម «សហគមន៍អាស៊ានតែមួយ ជោគវាសនាតែមួយ» និងកសាងតំបន់អាស៊ានឱ្យក្លាយជាតំបន់ដែលមានសុវត្ថិភាព ភាពងាយស្រួលក្នុងការធ្វើដំណើរ និងមានការតភ្ជាប់គ្នាកាន់តែប្រសើរឡើង។

កិច្ចប្រជុំ DGICM លើកទី២៩ នេះ មានការចូលរួមពីគណៈប្រតិភូនៃបណ្តាប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូពិគ្រោះយោបល់សំខាន់ៗ រួមមាន អូស្ត្រាលី ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាលើបញ្ហាអន្តោប្រវេសន៍ សន្តិសុខព្រំដែន និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនក្នុងបរិបទថ្មីនៃសម័យឌីជីថល៕

Share.