ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការបង្កើតសមាគមកសិករ ដោយរៀបចំកសិករជាក្រុមផលិត ឬសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការទទួលបានបច្ចេកទេស ឥណទាន និងការចរចាទីផ្សារ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានដាក់ចេញកាលពី ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។


កម្មវិធីគោលនយោបាយនេះ ត្រូវបានអនុវត្តដោយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយៈគោលនយោបាយអភិវឌ្ឍសម្រាប់វិស័យកសិកម្ម ចូលរួមក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយសម្រេចបាននូវការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ប្រមាណជា ១ ៦០០ នាក់នៅទូទាំងប្រទេស និងសហគមន៍កសិកម្មទំនើបចំនួន ២៥ ខណៈសហគមន៍ទូទៅមានប្រមាណជាង ១ ២៥០ បើគិតត្រឹមដើមឆ្នាំ ២០២៦។
ក្នុងចំណោមសហគមន៍ទាំងអស់ ខ្ញុំសូមលើកយកសហគមន៍មួយនៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាបមកបង្ហាញជាសក្ខីភាព។
សហគមន៍ សុវត្ថិភាពធម្មជាតិ មានសមាជិកជាង ៣០០គ្រួសារ បានដាំដុះបន្លែ និងចិញ្ចឹមសត្វ តាមបច្ចេកទេសកសិអេកូឡូស៊ី ជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នកំពុងទទួលបានផលពីការអនុវត្តបច្ចេកទេសនេះ និងបានធ្វើឱ្យជីវភាពកសិករក្នុងសហគមន៍មានភាពប្រសើរជាងមុន ដោយសារពួកគាត់ចំណាយដើមទុនតិច តែទទួលបានផលច្រើន ពោលគឺ មិនចំណាយថវិកាក្នុងការទិញជីថ្នាំគីមីនោះទេ។ ពួកគាត់ទទួលបានការបណ្ដុះបណ្ដាល និងអនុវត្តបច្ចេកទេស ដោយបណ្តាញកសិអេកូឡូស៊ីកម្ពុជា(ALiSEA) សហការជាមួយគម្រោង TETARD នៃអង្គការ Gret ដែលសហការគាំទ្រដោយភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) រដ្ឋបាលខេត្តអូដឺសែនប្រទេសបារាំង (CD92) ភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC), សហភាពអឺរ៉ុប (EU) និងរដ្ឋាភិបាលប្រទេសប៊ែលហ្ស៊ិក (DGD)។
បើតាមការឱ្យដឹងរបស់អ្នកស្រី ថៃ សូដា អនុប្រធានសហគមន៍ និងជាអ្នកដើរទីផ្សារផងនោះ ក្នុងមួយឆ្នាំសហគមន៍អាចផលិតបន្លែជាមធ្យម៦០តោន បើគិតជាសាច់ប្រាក់ប្រមាណខ្ទង់ ២១០លានរៀល គិតជារួមតែម្ដង។

“អ្នកស្រី ថៃ សូដា អនុប្រធានសហគមន៍ ទទួលបន្ទុកផ្នែកទីផ្សារ”
ក្ដីបារម្ភដែលកសិករតែងរអ៊ូរទាំគឺដាំបានហើយពុំមានទីផ្សារ លក់មិនចេញ ឬខាតចុងលង់ដើម។ ចំពោះសហគមន៍សុវត្ថិភាពធម្មជាតិ ឃុំកៀនសង្កែពុំដែលធ្លាប់ជួបប្រទះនោះទេ។ អ្នកស្រី ថៃ សូដា ពន្យល់ថា ឈ្មួញជួញបន្លែ ត្រី សាច់ គេចង់បានតែផលិតផលដែលមានប្រភពច្បាស់លាស់ ធានាការផ្គត់ផ្គង់បានជាប់លាប់ គ្រប់រដូវកាល និងចម្រុះមុខ។ ដូច្នេះហើយ មានតែសហគមន៍កសិកម្មទេទើបអាចធានាតម្រូវការទាំងអស់នេះបាន។
ក្រៅពីសុវត្ថិភាពផ្នែកទីផ្សារ ការចងក្រងជាសហគមន៍កសិកម្ម បានផ្ដល់ឱ្យកសិករនូវឱកាសទទួលបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសពីអាជ្ញាធរកសិកម្ម និងអង្គការដៃគូពាក់ព័ន្ធ។ លោក ងួន តឺម មន្ត្រីកសិកម្មឃុំ ដែលចុះទៅធ្វើការផ្ទាល់ជាមួយកសិករនៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងរយៈពេលជាង ៣ឆ្នាំ បានកត់សម្គាល់ថា កសិករដែលបានចងក្រងជាសហគមន៍ ពុំសូវជួបប្រទះបញ្ហាបច្ចេកទេស ដើមទុន និងទីផ្សារទេ ប៉ុន្តែកសិករដែលនៅដាច់ដោយឡែកៗ នៅតែជួបប្រទះបញ្ហាទាំងអស់នេះជារឿយៗ ដោយសារពួកគាត់មិនបានចូលរួមវគ្គបណ្តុះបណ្តាល ខ្វះព័ត៌មានពាក់ព័ន្ធ ធ្វើការដាំដុះ និងចិញ្ចឹមតាមទម្លាប់រាយប៉ាយលំបាកគ្រប់គ្រង មិនអាចធានាការផ្គត់ផ្គង់បានជាប់លាប់ ម្ល៉ោះហើយតម្លៃស្ថិតនៅលើឈ្មួញអ្នកកំណត់។

“លោក ងួន តឺម មន្ត្រីកសិកម្មឃុំកៀនសង្កែ”
ដោយសារការរក្សាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់នៅលើទីផ្សារ និងភាពរឹងមាំ ពោលគឺរឹងមាំទាំងបច្ចេកទេស និងទំនុកចិត្ត សមាជិកសហគមន៍ សុវត្ថិភាពធម្មជាតិ ឃុំកៀនសង្កែបានចងក្រងគ្នាជាក្រុមសន្សំប្រាក់ ហើយប្រាក់ដែលសន្សំរួមគ្នារបស់ពួកគាត់ត្រូវបានបង្វិលទៅជាឥណទានសម្រាប់សមាជិកណា ដែលចង់ខ្ចី ដើម្បីធ្វើជាដើមទុនក្នុងការផលិត ឬពង្រីកមុខរបរក្នុងសហគមន៍។ នេះហើយជាសក្ខីភាពបង្ហាញឱ្យឃើញពីភាពធន់របស់សហគមន៍កសិកម្មមួយ ដែលដើរនៅលើមាគ៌ាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ប្លោក ប៉ៃ ជំទប់ទី១ ឃុំកៀនសង្កែអះអាងថា ជីវភាពប្រជាពលរដ្ឋក្នុងឃុំលោកមានការប្រែប្រួលយ៉ាងល្អប្រសើរតាមរយៈរបរកសិកម្ម ដែលពួកគាត់កំពុងប្រកបសព្វថ្ងៃ។

“លោក ប្លោក ប៉ៃ ជំទប់ទី១ ឃុំកៀនសង្កែ”
ដូចបានជម្រាបនៅខាងដើមថា សហគមន៍ សុវត្ថិភាពធម្មជាតិ ឃុំកៀនសង្កែអនុវត្តកសិកម្មតាមបច្ចេកទេសកសិអេកូឡូស៊ី ដែលគាំទ្រដោយគម្រោងក្រៅរដ្ឋាភិបាលនានាជាច្រើនឆ្នាំមកហើយ ដោយសារពួកគាត់ចំណាយដើមទុនតិច តែទទួលបានផលច្រើន មិនចាំបាច់ប្រើធាតុចូលគីមីកសិកម្ម រក្សានិរន្តរភាពដីសម្រាប់ដាំដុះ បរិស្ថានល្អ ធ្វើឱ្យជីវភាពកសិករក្នុងសហគមន៍មានភាពប្រសើរជាងមុន។ លើសពីនេះកសិផលធានាបាននូវសុវត្ថិភាព និងអាហារូបត្ថម្ភល្អៗជាច្រើនសម្រាប់អ្នកបរិភោគ។ អ្វីទាំងអស់នេះហើយ ដែលជាហេតុនាំឱ្យសហគមន៍ទទួលជោគជ័យក្នុងការដេញថ្លៃផ្គត់ផ្គង់អាហារពេលព្រឹកសម្រាប់សិស្សសាលាបឋមសិក្សាជ្រៃខាងជើង ដែលក្នុងនោះមួយចំនួនគឺជាកូនចៅរបស់ពលរដ្ឋនៅក្នុងសហគមន៍។

“លោកគ្រូ ទឹម សុភាន នាយកសាលាបឋមសិក្សាជ្រៃខាងជើង”
សូមជម្រាបថា កម្មវិធីផ្ដើមអាហារពេលព្រឹកនៅតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ ២០១៩ ក្នុងគោលបំណង ទី១ លើកកម្ពស់ការទទួលបានការអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន, ទី២ លើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភ, ទី៣ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជំរុញការដាំដុះនិងចិញ្ចឹមសត្វ និងទី៤ លើកកម្ពស់ការគាំពារសង្គម តាមរយៈការជួយកាត់បន្ថយចំណាយរបស់មាតាបិតា។ គិតត្រឹមឆ្នាំ២០២៦ មានសាលារៀន ១ ១១៤ ស្ថិតក្នុងខេត្តចំនួន១០ បាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន និងមានសិស្សទទួលផលប្រមាណ ៣០ម៉ឺននាក់។

ជារៀងរាល់ចុងសប្ដាហ៍ កសិផលសហគមន៍ សុវត្ថិភាពធម្មជាតិ ឃុំកៀនសង្កែតែងយកទៅដាក់តាំងលក់នៅសួនច្បារមាត់ស្ទឹងសៀមរាបក្បែរព្រះរាជដំណាក់។ ចាប់ពីម៉ោង៦ព្រឹក ដល់១២ ថ្ងៃត្រង់មនុស្សម្នានាំគ្នាទៅទិញយ៉ាងច្រើនកុះករ ត្បិតពួកគាត់ដឹងថា បន្លែទាំងអស់នេះសុទ្ធសឹងតែជាបន្លែ ត្រី សាច់ ស្រស់ៗ មានសុវត្ថិភាព ដែលប្រជាពលរដ្ឋនៅតាមសហគមន៍យកមកលក់។ ដូចជាអ្នកស្រី និត្យ សុគន្ធា ពលរដ្ឋនៅក្រុងសៀមរាបបានអះអាងថា អ្នកស្រីតែងមកទិញបន្លែបង្ការ ផ្លែឈើ ត្រីសាច់នៅទីនេះជារៀងរាល់សប្ដាហ៍ ត្បិតអ្នកស្រីទុកចិត្តបន្លែផ្លែឈើទាំងអស់នេះថាមានសុវត្ថិភាព។

“អ្នកស្រី និត្យ សុគន្ធា”
សុវត្ថិភាពមិនមែនគ្រាន់តែជាស្តង់ដារអះអាងដោយមាត់ទទេនោះទេ លុះត្រាតែអាជ្ញាធរជំនាញជាអ្នកធានានោះទើបអាចទទួលយកបានជាផ្លូវការបាន។ ប្រាកដណាស់ បើនិយាយតែក្របខណ្ឌផ្សារចុងសប្ដាហ៍ក្រុងសៀមរាប ប្រធានមន្ទីរពាណិជ្ជកម្មបានអះអាងថា អាជ្ញាធរតែងពិនិត្យលើមាត្រាសាស្ត្រពោលគឺភ្នែកជញ្ជីង ប្រភពកសិផល វិធានសុវត្ថិភាព និងអនាម័យ។ ដោយឡែក ការគ្រប់គ្រងនៅតាមកសិដ្ឋានគឺជាសមត្ថកិច្ចរបស់មន្ទីរកសិកម្ម។ ចំណែកឯប្រធានផ្សារបានលើកឡើងថា ទម្រាំតែអាចទទួលយកកសិផល ឬផលិតផលកសិកម្មណាមួយចូលលក់ក្នុងផ្សារបាន គឺត្រូវអនុវត្តតាមវិធានសុវត្ថិភាពរបស់អាជ្ញាធរយ៉ាងតឹងរឹងបំផុត។

ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប

ប្រធានផ្សារសប្ដាហ៍ខេត្តសៀមរាប
ជោគជ័យរបស់សហគមន៍ «សុវត្ថិភាពធម្មជាតិ» នៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប មិនត្រឹមតែជាមោទនភាពរបស់កសិករក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពរស់រវើក និងជាគំរូដ៏ជោគជ័យមួយនៃការអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី ដែលដើរស្របគ្នាយ៉ាងឥតខ្ចោះទៅនឹងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។ ការរួមបញ្ចូលគ្នារវាងការចងក្រងកម្លាំងផលិត ការជ្រោមជ្រែងពីមន្ត្រីកសិកម្មឃុំ និងការគាំទ្របច្ចេកទេសពីអង្គការដៃគូអភិវឌ្ឍន៍ បានកែប្រែទម្លាប់ធ្វើកសិកម្មបែបដាច់ដោយឡែក រាយប៉ាយ និងគ្មានទីផ្សារច្បាស់លាស់ ឱ្យទៅជាចង្វាក់ផលិតកម្មមួយដ៏រឹងមាំ មាននិរន្តរភាព និងអាចធានាបានទាំងបរិមាណ គុណភាព និងទំនុកចិត្ត។
គំរូនៃសហគមន៍កសិកម្មមួយនេះ គឺជាត្រីវិស័យបង្ហាញផ្លូវសម្រាប់សហគមន៍កសិកម្មរាប់ពាន់ទៀតនៅទូទាំងប្រទេសកម្ពុជា ក្នុងការឈានទៅរកភាពសម្បូរបែប ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាពទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕

