ស្វាយរៀង៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅបន្ទប់ជួលយីហោ «ហេង ស៊ុនហេង» ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញនៅទូទាំងខេត្ត។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៧៣នាក់ ក្នុងនោះស្រី ៣១នាក់ រួមមាន ជនជាតិវៀតណាម ៥៦នាក់ ស្រី ២៣នាក់, ជនជាតិចិន ១៣នាក់ ស្រី ០៥នាក់ និងជនជាតិខ្មែរ ០៤នាក់ ស្រី ០៣នាក់។ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើនពាក់ព័ន្ធនឹងសកម្មភាពបទល្មើស រួមមាន កុំព្យូទ័រលើតុប្រភេទ All-In-One កុំព្យូទ័រយួរដៃ ម៉ូនីទ័រ ធុង CPU ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈទីតាំងដែលសង្ស័យប្រព្រឹត្តបទល្មើស ត្រូវបានបិទស៊ីល និងបិទដំណើរការជាបណ្ដោះអាសន្ន។

អត្ថបទ÷ចតុម្មុខ

Share.