ករណីមន្ត្រីនគរបាលស្រុកទឹកផុសម្នាក់ បានថ្លែងទៅកាន់សិស្សានុសិស្សក្នុងពេលចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយបានដាស់តឿនកុំឱ្យសិស្សានុសិស្សខ្វល់ខ្វាយរឿងនយោបាយ បានបង្កើតឱ្យមានការជជែកដេញដោល និងការយល់ច្រឡំជាសាធារណៈ។ ភ្លាមៗនោះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រួមទាំងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញមុខមកបកស្រាយ និងបំភ្លឺជាបន្តបន្ទាប់ ដើម្បីតម្រង់ទិស និងសហការដោះស្រាយបញ្ហានេះ។


យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចសាលារៀនភាសាកូរ៉េមួយកន្លែង ក្នុងស្រុកទឹកផុស។ លោកអនុសេនីយ៍ឯក យី រដ្ឋា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកទឹកផុស បានដឹកនាំកម្លាំងចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងអនុក្រឹត្យលេខ២០៣។ នៅក្នុងសកម្មភាពនោះ លោកអធិការរងបានលើកឡើងទៅកាន់សិស្សថា ប្អូនៗត្រូវខិតខំរៀនសូត្រ កុំខ្វល់ខ្វាយរឿងគណបក្សអីអោយសោះ យើងមកនេះគិតតែរៀនទៅបានហើយ យើងមិនបាច់គិតអីផ្សេងទេ។ ស្នងការដ្ឋានខេត្តបានបញ្ជាក់ថា ចេតនារបស់មន្ត្រីនគរបាលរូបនោះ គឺគ្រាន់តែមិនចង់ឱ្យយុវជនចាញ់បោកឧបាយកលនយោបាយផ្សេងៗដែលគេបោកប្រាស់ ប៉ុន្តែដោយសារភាពមិនប្រសព្វក្នុងការនិយាយ នាំឱ្យខ្លឹមសារប៉ះពាល់ដល់ការអនុវត្តតួនាទីភារកិច្ច។ ឆ្លើយតបនឹងបញ្ហានេះ លោកស្នងការនគរបាលខេត្ត បានហៅមន្ត្រីទាំងនោះមកធ្វើការអប់រំណែនាំហើយ។

ជុំវិញរឿងរ៉ាវនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានពន្យល់បន្ថែមថា សមត្ថកិច្ចពុំមានចេតនាអាក្រក់ក្នុងការបិទសិទ្ធិសេរីភាពនយោបាយរបស់ពលរដ្ឋ ឬយុវជននោះឡើយ។ បំណងពិតប្រាកដរបស់ពួកគាត់ គឺចង់ឱ្យប្អូនៗសិស្សានុសិស្សចៀសផុតពីការប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ ដែលបង្កប់តាមសាររបស់អ្នកនយោបាយអគតិមួយចំនួន គ្រាន់តែមន្ត្រីរូបនោះមិនប្រសប់ប្រើពាក្យ ទើបនាំឱ្យកើតការភាន់ច្រឡំ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា វាពុំមែនជាប្រព័ន្ធនោះទេ តែជាការប្រើពាក្យលក្ខណៈបុគ្គល ដែលពុំគួរចាប់ថ្នាក់ដាក់បន្ទុកគ្នាខ្លាំងពេកទេ ដូចពាក្យចាស់ពោលថា “ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច”។ កន្លងទៅ ទាំងថ្នាក់ដឹកនាំក្រសួង និងក្រុមអ្នកនាំពាក្យ តែងតែផលិតសាររំលឹកអំពីអភិក្រមអព្យាក្រឹត្យភាពរបស់មន្ត្រីចំពោះគណបក្សនយោបាយ និងវិន័យផ្សេងៗជានិច្ច ហើយជាជំហានបន្តបន្ទាប់ មន្ត្រីនឹងកាន់តែល្អប្រសើរឡើង។ លោកក៏បានលើកឡើងពីសិទ្ធិរបស់សមត្ថកិច្ចផងដែរថា ក្នុងការចុះផ្សព្វផ្សាយអប់រំពីសុវត្ថិភាពភូមិឃុំ សមត្ថកិច្ចមានសិទ្ធិពេញលេញក្នុងការសហការធ្វើសកម្មភាពតាមទីតាំងនានា ទោះបីជាវាមិនមែនជាការបង្រៀនតាមក្របខ័ណ្ឌក្រសួងអប់រំក៏ដោយ។

ងាកមកមើលទស្សនៈរបស់អ្នកជំនាញវិទ្យាសាស្ត្រនយោបាយវិញ លោកបណ្ឌិត យង់ ពៅ បានផ្តល់ការវែកញែកដាច់ដៅឡែកពីគ្នាអំពីនិយមន័យនយោបាយ។ លោកបានស្នើឱ្យមានការបែងចែកឱ្យបានច្បាស់លាស់ជាពីរករណី ដើម្បីកុំឱ្យក្លាយទៅជាការដាក់គុកគតិបណ្ឌិត ឬបិទបាំងការយល់ដឹងរបស់ពលរដ្ឋ។ ករណីទីមួយ គឺការបណ្ដុះបណ្ដាល ឬជជែកវែកញែកបញ្ហាសង្គមនយោបាយ ឬគតិបណ្ឌិត ដែលលោកយល់ថា ករណីនេះមិនត្រូវហាមឃាត់ដាច់ខាត ព្រោះជាការបណ្ដុះឧត្តមគតិជាតិ និងសម្បជញ្ញៈ ដែលស្របទៅនឹងរដ្ឋធម្មនុញ្ញ ព្រមទាំងស្របនឹងទ្រឹស្ដីនយោបាយដែលថា “មនុស្ស ជាសត្វនយោបាយ” ពោលគឺគេមិនអាចដកនយោបាយចេញពីជីវិតរស់នៅរបស់មនុស្សបានឡើយ។ រីឯករណីទីពីរ គឺការឃោសនានយោបាយរបស់គណបក្សនៅតាមទីតាំងអព្យាក្រឹត ដូចជាសាលារៀន ឬទីអារាមសាសនាជាដើម ដែលករណីនេះទើបជា “អ្វីដែលត្រូវហាមឃាត់ដាច់ខាត”។ លោកបណ្ឌិត យង់ ពៅ បានរំលឹកថា ជោគវាសនាប្រទេសជាតិ មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់បុគ្គល ក្រុមណា ឬបក្សណានោះទេ។
សរុបមក ករណីដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំងនេះ ត្រូវបានដោះស្រាយតាមរយៈការអប់រំណែនាំផ្ទៃក្នុងចំពោះមន្ត្រីដែលខ្វះចន្លោះក្នុងការប្រើប្រាស់ពាក្យសម្តី។ ទន្ទឹមនឹងនេះ ទាំងស្ថាប័នរដ្ឋ និងអ្នកជំនាញ បានឯកភាពគ្នាក្នុងន័យរួមមួយថា យុវជនមានសិទ្ធិស្វែងយល់ពីបញ្ហាសង្គម និងនយោបាយដើម្បីអភិវឌ្ឍគតិបណ្ឌិត ប៉ុន្តែត្រូវចៀសវាងការធ្លាក់ចូលក្នុងឧបាយកលអូសទាញណាមួយដែលអាចបង្កជាបទល្មើសព្រហ្មទណ្ឌ ខណៈមន្ត្រីអនុវត្តច្បាប់ក៏ត្រូវពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់សារបំភ្លឺឱ្យបានត្រឹមត្រូវ និងមានលក្ខណៈអព្យាក្រឹត្យភាពខ្ពស់បន្ថែមទៀត៕

