បាងកក៖ កម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនថៃ បានបើកប្រតិបត្តិការទាំងយប់កាលពីថ្ងៃទី៩ ខែមិថុនា ដើម្បីឡោមព័ទ្ធចាប់ខ្លួនមេខ្លោងបណ្តាញគ្រឿងញៀន និងឆបោក ជនជាតិនីហ្សេរីយ៉ាម្នាក់ ឈ្មោះ ប៉ាទ្រិក (Patrick) វ័យ ៣៦ឆ្នាំ នៅខុនដូប្រណីតមួយកន្លែងក្នុងសង្កាត់ Bang Phong Phang ខណ្ឌ Yan Nawa ក្រុងបាងកក។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទកូកាអ៊ីន និងទ្រព្យសម្បត្តិវត្ថុតាងសរុបប្រមាណ ៧សែនបាត (ស្មើនឹង ២១,២៨៦ដុល្លារអាមេរិក)។

ទោះជាយ៉ាងណា រឿងហេតុនៅពីក្រោយការចាប់ខ្លួននេះ បានបង្ហាញឱ្យឃើញពីភាពបរាជ័យយ៉ាងអាម៉ាស់របស់អាជ្ញាធរថៃ ក្នុងការគ្រប់គ្រងសន្តិសុខផ្ទៃក្នុង និងការទប់ស្កាត់លំហូរជនបរទេសខុសច្បាប់។

យោងតាមរបាយការណ៍ស៊ើបអង្កេត មេខ្លោងគ្រឿងញៀនរូបនេះ បានជ្រកកោន និងរស់នៅក្នុងប្រទេសថៃយ៉ាងមានសេរីភាពអស់រយៈពេលជាង ៧ឆ្នាំមកហើយ ថែមទាំងអាចធ្វើដំណើរចេញចូលរវាងប្រទេសថៃ និងទ្វីបអាហ្វ្រិកយ៉ាងរលូន។ មេគ្រឿងញៀនរូបនេះ បានចាប់ផ្តើមពីការដើរលក់កូកាអ៊ីននៅតាមតំបន់ទេសចរណ៍ រហូតពង្រីកខ្លួនឡើងជាមេក្លោងធំ បង្កើតបណ្តាញឈ្មោះ «Dodorima» ដែលជាសាខារបស់អង្គការចាត់តាំងខុសច្បាប់អន្តរជាតិ «NBM of Africa»។

ក្រុមអ្នករិះគន់បានចោទសួរយ៉ាងខ្លាំងៗថា៖ តើប៉ូលិសអន្តោប្រវេសន៍ថៃ និងអាជ្ញាធរមូលដ្ឋានធ្វើអ្វីខ្លះ អស់រយៈពេល ៧ ឆ្នាំកន្លងមកនេះ? បណ្តោយឱ្យជនបរទេសម្នាក់ដើរចែកចាយគ្រឿងញៀន បំផ្លាញអនាគតពលរដ្ឋថៃ និងប្រើប្រាស់ទឹកដីថៃដើម្បីបោកប្រាស់លុយ (Romance Scam) ដែលមានលុយចរាចរណ៍ក្នុងប្រព័ន្ធខ្មៅរហូតដល់ទៅជាង ៣៨០លានបាត (ស្មើនឹង ៩លាន១សែន២ម៉ឺន៥ពាន់៦រយ១៦ដុល្លារអាមេរិក) ក្នុងមួយឆ្នាំៗ ហើយថែមទាំងអាចផ្ញើលុយខ្មៅទាំងនោះទៅសាងសង់ភូមិគ្រឹះដ៏ស្កឹមស្កៃនៅប្រទេសនីហ្សេរីយ៉ាបានទៀតផង។

កន្លងមកក្រុមឧក្រិដ្ឋជនទាំងនេះបានប្រើប្រាស់ល្បិច «បង្កើតមូលនិធិសប្បុរសធម៌ និងការបរិច្ចាគលុយ» ដើម្បីបិទបាំងអាជីវកម្មកខ្វក់របស់ខ្លួន។ អ្វីដែលគួរឱ្យតក់ស្លុតជាងនេះទៅទៀតនោះគឺ ជនសង្ស័យតែងតែប្រើប្រាស់គ្រឿងញៀនលំដាប់ខ្ពស់ ដើម្បីសូកប៉ាន់ និងកសាងទំនាក់ទំនងខ្សែរយៈជាមួយក្រុមមនុស្សមានឥទ្ធិពល និងមន្ត្រីមានអំណាចនៅក្នុងប្រទេសថៃ ដើម្បីជាខែលការពារខ្លួន ដែលនេះសបញ្ជាក់ពីវប្បធម៌ពុករលួយដុះស្លែនៅក្នុងជួររាជការមន្ត្រីថៃ។

នៅក្នុងការវាយឆ្មក់ចាប់ខ្លួននៅវេលាម៉ោង ១០នាទីយប់ ជនសង្ស័យរូបនេះបានបង្ហាញភាពព្រហើនមើលងាយច្បាប់ថៃយ៉ាងខ្លាំង ដោយបានបើករថយន្តបុក និងថយក្រោយសំដៅទៅរកសមត្ថកិច្ចក្នុងបំណងរត់គេចខ្លួន បណ្តាលឱ្យមន្ត្រីប៉ូលិសម្នាក់រងរបួស រហូតទាល់តែប៉ូលិសសម្រេចចិត្តវាយកម្ទេចកញ្ចក់រថយន្ត ទើបអាចក្របួចកចាប់ខ្លួនបាន។

ទោះបីជាដេញជើងការទាល់ច្រក និងមានភស្តុតាងក្នុងសារជជែកពីការចែកចាយគ្រឿងញៀនកូកាអ៊ីននៅក្នុងដៃសមត្ថកិច្ចក៏ដោយ ក៏ជនជាតិអាហ្វ្រិករូបនេះនៅតែមានខ្នងបង្អែកធំចាំដោះសារយករួចខ្លួន ដោយភូតភរថា ប្រាក់ចំណូលរាប់រយលានរបស់ខ្លួនបានមកពីអាជីវកម្មនាំចេញត្រីទៅប្រទេសនីហ្សេរីយ៉ា ហើយពាក្យថា «Dodorima» ដែលប៉ូលិសអះអាងថា ជាឈ្មោះក្រុមបណ្តាញគ្រឿងញៀននោះ គឺគ្រាន់តែប្រែថា «សួស្តី» តែប៉ុណ្ណោះ។

យ៉ាងណាម៉ិញ ទោះមេបញ្ជាការប៉ូលិស លោក Theeradet Thamsuthee ចេញមុខមកអះអាងថា នឹងសហការជាមួយអង្គការអន្តរជាតិដើម្បីបោសសម្អាតខ្សែរយៈទាំងជនជាតិថៃ និងបរទេសក៏ដោយ ក៏ប្រតិបត្តិការនេះត្រូវបានគេមើលឃើញថា គ្រាន់តែជាការដោះស្រាយចុងដៃចុងជើងប៉ុណ្ណោះ។ បើដរាបណាប្រព័ន្ធច្បាប់អន្តោប្រវេសន៍ថៃនៅតែធូររលុង និងងាយស្រួលទិញដូរដោយទឹកប្រាក់នោះ ប្រទេសថៃនឹងនៅតែបន្តដើរតួជាឋានសួគ៌ និងជាបន្ទាយដកដង្ហើមដ៏មានសុវត្ថិភាពរបស់ក្រុមឧក្រិដ្ឋជនឆ្លងដែន ដដែលជាក់ជាមិនខាន៕

ប្រភព៖ The Thaiger

Share.