ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅផ្ទះជួលក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សចំនួន ២៤នាក់ ក្នុងនោះស្រី ៤នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ឡាយ ចន្នី ស្នងការរងនគរបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង។តាមសមត្ថកិច្ច ជនដែលត្រូវបានឃាត់ខ្លួនទាំង ២៤នាក់ គឺជាជនជាតិវៀតណាម ដែលស្ថិតនៅក្នុងរង្វង់ប្រតិបត្តិការសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់ពាក់ព័ន្ធផ្សេងទៀត ដែលសង្ស័យប្រើប្រាស់ក្នុងសកម្មភាពប្រព្រឹត្តបទល្មើស។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈទីតាំងខាងលើត្រូវបានបិទស៊ីល និងផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។

អត្ថបទ÷ចតុម្មុខ

Share.