មណ្ឌលគិរី៖ កម្លាំងនគរបាលក្រុងសែនមនោរម្យ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៨នាក់ ពាក់ព័ន្ធករណីគាស់តូបលក់ឥវ៉ាន់ លួចយកម្ហូបអាហារ និងភេសជ្ជៈ នៅមុខសួនកុមារ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ករណីនេះបានកើតឡើងនៅទៀបភ្លឺថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ធុងទឹកកក និងតូបលក់ឥវ៉ាន់ លួចយកមឹក បង្គា ប្រហិត និងភេសជ្ជៈ មកចែកគ្នាបរិភោគ។ បន្ទាប់មក ពួកគេបានត្រឡប់មកកន្លែងកើតហេតុម្ដងទៀត ដើម្បីលួចយកសម្ភារៈមួយចំនួនបន្ថែម។ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានបើកការស្រាវជ្រាវ និងកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៨នាក់ជាបន្តបន្ទាប់។

ក្នុងចំណោមជនសង្ស័យទាំងនោះ មានអនីតិជន ៣នាក់ ត្រូវបានអប់រំ ណែនាំ និងប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្តនៅគេហដ្ឋានវិញ។ ចំណែកជនសង្ស័យដែលនៅសល់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានដកហូតវត្ថុតាងជាកូនកាំបិតចិតបន្លែមួយដើម ដែលប្រើប្រាស់ក្នុងសកម្មភាពគាស់តូប។ លទ្ធផលតេស្តទឹកនោមលើជនសង្ស័យទាំងអស់ បង្ហាញថា មិនមានផ្ទុកសារធាតុញៀននោះទេ។ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគាស់តូប និងលួចយកម្ហូបអាហារ ព្រមទាំងភេសជ្ជៈប្រាកដមែន ខណៈសមត្ថកិច្ចកំពុងបន្តនីតិវិធីច្បាប់ចំពោះអ្នកពាក់ព័ន្ធទាំងអស់។

អត្ថបទ÷កណ្តាល

Share.