ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជូនដំណឹងដល់ លោក- លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេស របស់ សាធារណរដ្ឋបារាំង នឹងរៀបចំ «វេទិកាសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍» នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង សាធារណរដ្ឋបារាំង។

វេទិកានេះ នឹងប្រមូលផ្ដុំអ្នកជំនាញ ដៃគូអភិវឌ្ឍន៍ និងតួអង្គ សេដ្ឋកិច្ច សំខាន់ៗជាច្រើន ចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការការអភិវឌ្ឍភាពជា ដៃគូ និងផ្សព្វផ្សាយអំពីសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៦ រួមមាន កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម។
ភាគីបារាំង នឹងផ្ដល់ឱ្យបណ្តាក្រុមហ៊ុន សហគ្រាស និងភាគី ពាក់ព័ន្ធរបស់កម្ពុជាចូលរួមក្នុងកម្មវិធីខាងលើដោយឥតគិតថ្លៃ ប៉ុន្តែរាល់ការចំណាយផ្សេងៗជាបន្ទុករបស់អ្នកចូលរួម។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលព្រឹត្តិការណ៍ខាងលើ សូមអញ្ជើញលោក-លោកសី ដែលជាពាណិជ្ជករ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមវេទិកាខាងលើ សូមទំនាក់ទំនង ជាមួយទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសតាមរយៈអ៊ីម៉ែល [email protected] ឬទូរស័ព្ទលេខ +334267734616 ឬចូលទៅកាន់គេហទំព័រ www.cnccef.org។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកមន្ត្រីសម្របសម្រួល តាមរយៈទូរស័ព្ទលេខ +៨៥៥ ៨៦ ៣៣៣ ៩៣៣ / +៨៥៥ ៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល [email protected]/ [email protected] ឬតាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦៕


