មើល​ទៅ​ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ាបានធ្លាក់ចូលទៅក្នុងកម្រិតវិបត្តិម្តងទៀតហើយ នៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យកងទ័ពសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាលើគោលដៅជាច្រើនកន្លែងក្នុងប្រទេសអ៊ីរ៉ង់។

នេះជាការឆ្លើយតបទៅនឹងហេតុការណ៍ដែលឧទ្ធម្ភាគចក្រវាយប្រហារប្រភេទ AH-64 Apache ត្រូវបានបាញ់ទម្លាក់នៅជិតច្រកសមុទ្រ Hormuz។ ខណៈពេលនោះដែរ អ៊ីរ៉ង់បានបដិសេធរាល់ការចោទប្រកាន់ និងបានព្រមានកងកម្លាំងបរទេសឱ្យដកខ្លួនចេញជាបន្ទាន់ មុនពេលបើកការបាញ់ស្រោចដ្រូន និងមីស៊ីលវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសជិតខាងដើម្បីសងសឹក ដែលធ្វើឱ្យកិច្ចព្រមព្រៀងឈប់បាញ់ដែលធ្លាប់តែមានសង្ឃឹម ចាប់ផ្តើមរលាយសាបសូន្យទៅវិញ។

របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបរទេសបានឱ្យដឹងថា ហេតុការណ៍នេះបានចាប់ផ្តើមឡើងនៅពេលដែលឧទ្ធម្ភាគចក្រ AH-64 Apache របស់កងទ័ពជើងគោកសហរដ្ឋអាមេរិក បានជួបគ្រោះថ្នាក់ធ្លាក់នៅតំបន់ឆ្នេរនៃប្រទេសអូម៉ង់ កាលពីវេលាម៉ោងប្រហែល ០៣:៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក)។

ភ្លាមៗនោះ ប្រធានាធិបតី ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការបាញ់ទម្លាក់នេះ ហើយសហរដ្ឋអាមេរិកចាំបាច់ត្រូវតែមានការឆ្លើយតបយ៉ាងខ្លាំងក្លាបំផុត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានពីប្រភពមន្ត្រីអាមេរិកបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រនោះអាចនឹងបុកទង្គិចគ្នាជាមួយដ្រូនរបស់អ៊ីរ៉ង់ ប៉ុន្តែវានៅមិនទាន់ច្បាស់ថាតើជាចេតនា ឬយ៉ាងណានោះទេ ខណៈដែលភាគីអ៊ីរ៉ង់បានបដិសេធរាល់ការទទួលខុសត្រូវចំពោះហេតុការណ៍នេះ។

បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបើកការវាយប្រហារតាមអាកាសនៅវេលាម៉ោងប្រហែល ១៧:០០ នាទីល្ងាច (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក) ដោយផ្តោតគោលដៅលើសំខាន់ដូចជា

១./ ប្រព័ន្ធរ៉ាដា និងស្ថានីយគ្រប់គ្រងលើដីគោក

២./ មូលដ្ឋានការពារដែនអាកាសរបស់អ៊ីរ៉ង់នៅតំបន់កោះ Qeshm, Bandar Abbas, Sirik និង Jask។

CENTCOM បានសង្កត់ធ្ងន់ថា នេះគឺជា “ការឆ្លើយតបទៅតាមសមាមាត្រ” ចំពោះការឈ្លានពានដែលគ្មានហេតុផលពីសំណាក់អ៊ីរ៉ង់។ ទន្ទឹមនឹងនេះដែរ លោក ម៉ៃឃ៍ ចនសុន (Mike Johnson) ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោកបានស្ថិតនៅក្នុងបន្ទប់ជាមួយលោក ត្រាំ ក្នុងកំឡុងពេលធ្វើការសម្រេចចិត្តបញ្ជាការនេះ ដែលជាការបាញ់ឆ្ពោះ​ទៅ​ការបំផ្លាញសមត្ថភាពយោធារបស់អ៊ីរ៉ង់ដោយផ្ទាល់។

មានរបាយការណ៍អំពីការវាយបកវិញយ៉ាងរហ័សពីខាងភាគីអ៊ីរ៉ង់ ដោយលោក អាបាស់ អារ៉ាកឈី (Abbas Araghchi) រដ្ឋមន្ត្រីការបរទេស បានប្រកាសថា អ៊ីរ៉ង់ “នឹងមិនបណ្តោយឱ្យការវាយប្រហារណាមួយកន្លងហួសទៅដោយគ្មានការឆ្លើយតបឡើយ”

តែប៉ុន្មានម៉ោងក្រោយមក កងពលឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបាញ់ដ្រូន និងមីស៊ីលសំដៅទៅលើទីតាំងសំខាន់នៅក្នុង​ប្រទេស បារ៉ែន គូវែត និង​ ហ្សូដង់ ក្នុង​នោះ​មាន​ មូលដ្ឋានទ័ពជើងទឹកទី ៥ របស់អាមេរិកនៅក្នុងប្រទេសបារ៉ែន មូលដ្ឋានទ័ពអាកាស Ali Al Salem នៅក្នុងប្រទេសគូវែត និង មូលដ្ឋានទ័ពក្នុងប្រទេសហ្សូដង់ ដែលគេជឿថាជាជម្រករក្សាទុកយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកផងដែរ។

សង្ឃឹមដែលថានឹងមានកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ ដែលលោក ត្រាំ ធ្លាប់អះអាងថា “ជិតនឹងជោគជ័យក្នុងរយៈពេល ២-៣ ថ្ងៃ” នោះ ចាប់ផ្តើមស្រពិចស្រពិលទៅវិញហើយ ខណៈដែលក្រុមអ្នកវិភាគមើលឃើញថា ប្រសិនបើការចរចាត្រូវបរាជ័យ ហើយមានការបិទច្រកសមុទ្រ Hormuz មែននោះ វានឹងជះឥទ្ធិពលយ៉ាងមហិមាដល់ការដឹកជញ្ជូនប្រេង និងទំនិញនានានៅទូទាំងពិភពលោកក្នុងរយៈពេលវែង។

https://troryorng.com/
Share.