សិល្បៈជាតិ ៖ សមុច្ច័យដែលព្រលឹងដូនតាខ្មែរចំនួន ២ ដុំបន្ថែមទៀត នឹងត្រូវធ្វើដំណើរត្រឡប់មកកាន់មាតុភូមិវិញ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតាន បានធ្វើការរឹបអូសពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន (The Met) នៅទីក្រុងញូវយ៉ក។ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ពិធីប្រគល់ និងទទួលជាផ្លូវការនូវរតនសម្បត្តិទាំងពីរនេះ បានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ាន់ហាតាន ទីក្រុងញូវយ៉ក កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក)។ វត្ថុបុរាណទាំងពីរនេះរួមមាន៖ (១) ផ្តែរធ្វើពីថ្មភក់ មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្ស ទី៧ ឬទី៨ គ.ស. និង (២) បដិមាធ្វើពីថ្មភក់ (អាចសម្គាល់ជារូបអសុរ ហិរណ្យកសិពុ) សម័យអង្គរ សតវត្សទី១០ ដែលមានប្រភពដើមមកពីប្រាសាទចិន ក្នុងតំបន់កោះកេរ។

ការទាមទារបានមកវិញនូវសម្បត្តិវប្បធម៌ទាំងនេះ បានធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណនៃការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ានហាតាន បានរកឃើញភស្តុតាងច្បាស់លាស់ថា វត្ថុបុរាណទាំងពីរនេះមានពាក់ព័ន្ធនឹងបណ្តាញជួញដូរខុសច្បាប់របស់អ្នកស្រី Nancy Wiener ដែលត្រូវបានកាត់ទោសរួចរាល់។

សម្រាប់ដំណើរការស៊ើបអង្កេតជាងមួយទសវត្សរ៍កន្លងមកនេះ បានលាតត្រដាងពីបណ្តាញជួញដូរទ្រង់ទ្រាយធំ ដែលពាក់ព័ន្ធនឹងឈ្មោះល្បីៗដូចជា អ្នកស្រី Wiener និង លោក Douglas Latchford រួមទាំងក្រុមហ៊ុន Spink & Son ដែលឈានទៅដល់ការដកហូត និងបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។

សូមជម្រាបថា ការវិលត្រឡប់មកវិញនៃរតនសម្បត្តិដែលជាដួងព្រលឹងជាតិទាំង២នេះ គឺជាភាពជោគជ័យថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការនាំយកព្រលឹងដូនតានិងអត្តសញ្ញាណជាតិដែលបានបាត់បង់ ឱ្យមកជួបជុំគ្នានៅលើទឹកដីកំណើតវិញ៕

គួររំលឹកថា មុននេះទទួលសមុច្ច័យទាំង ២ នេះ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ សារមន្ទីរ The Met ក៏ធ្លាប់បានប្រគល់វត្ថុបុរាណខ្មែរចំនួន ១៤រូប ជូនមកកម្ពុជាវិញផងដែរ បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំផងដែរ៕

Share.